ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឈរឈ្មោះនៅក្នុងបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងភូមិភាគទី៣ ខេត្តកណ្តាល។
យោងតាមបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ដែលគ.ជ.ប បានផ្សព្វផ្សាយ បង្ហាញថា សម្តេចតេជោ ហ៊ុន សែន ជាបេក្ខជនពេញសិទ្ធិ លំដាប់ទី១ នៅភូមិភាគទី៣ ខេត្តកណ្តាល ដែលមាន ៥អាសនៈ។
គួរឲ្យដឹងផងដែរថាក្រោយពីលាលែងពីតំណែងជានាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោបានប្រកាសនិងបន្តធ្វើជាសមាជិកព្រឹទ្ធសភានៅអាណត្តិក្រោយ រួមទាំងកាន់តំណែងជាប្រធានព្រឹទ្ធសភា ជំនួសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលចូលនិវត្តន៍ផងដែរបន្ទាប់ពីបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤៕