ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

នាយករដ្ឋមន្ត្រីវៀតណាម៖ តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី ទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម នឹងកាន់តែរីកចម្រើនរឹងមាំ

ហាណូយ៖ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ផាម មិញជិញ បានធ្វើការគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម នឹងកាន់តែរីកចម្រើនរឹងមាំ ស្របតាមស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុយជ្រោយ និងស្ថិរភាពយូរអង្វែង។

លោក ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងដូចនេះក្នុងឱកាសជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ក្នុងជំនួបនេះ លោក ផាម មិញជិញ បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមនាយករដ្ឋមន្ត្រី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាចំពោះ សម្តេចធិបតី ផ្ទាល់ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីវៀតណាម ក៏បានសម្តែងនូវការជឿជាក់ផងដែរថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចនាយករដ្ឋមន្ត្រី នោះនាវាកម្ពុជានឹងកាន់តែអភិវឌ្ឍខ្លាំងក្លាទៅមុខបន្ថែមទៀត ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០ ជាក់ជាមិនខាន។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារទ្វេភាគីនេះ និងបានថ្លែងអំណរគុណ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់សម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាឱកាសនេះ ។

ថ្នាក់ដឹកនាំទាំងពីរ បានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពនៃប្រទេសទាំងពីរ ពាក់ព័ន្ធនឹងទិដ្ឋភាពនយោបាយ សង្គម និងសេដ្ឋកិច្ច ក៏ដូចជាបានធ្វើការពិភាក្សា និងវាយតម្លៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងរយៈកាលកន្លងមក ព្រមជាមួយនឹងការដាក់ចេញនូវទិសដៅក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជនទាំងពីរ ជាពិសេសវិស័យនយោបាយ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល អប់រំ ការតភ្ជាប់ ការពារជាតិ សន្តិសុខ ការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែន។

ទន្ទឹមគ្នានេះ សមភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់ផងដែរអំពីកិច្ចការតំបន់ និងសាកល ដោយបានបង្ហាញនូវការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិនានា ដូចជា ក្របខ័ណ្ឌអង្គការសហប្រជាជាតិ អាស៊ាន និងអនុតំបន់មេគង្គជាដើម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក