លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ទំហំវិនិយោគទុនជប៉ុននៅកម្ពុជា កើនឡើងដល់ចំនួនជាង ២,៥ពាន់លានដុល្លារក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយ

ភ្នំពេញ៖ ក្នុងក្របខណ្ឌពាណិជ្ជកម្មរយៈពេល ២៥ឆ្នាំចុងក្រោយ ទំហំវិនិយោគទុនជប៉ុននៅកម្ពុជា បានកើនឡើងដល់ចំនួនជាង ២,៥ពាន់លានដុល្លារ ស្មើនឹង ១៣៧គម្រោង ក្នុងនោះភាគីជប៉ុនបានដាក់ទុនវិនិយោគលើវិស័យទេសចរណ៍មានចំនួន ៨គម្រោង ដែលមានទុនវិនិយោគប្រមាណជាង ១ ៨០០លានដុល្លារ ហើយបច្ចុប្បន្នកម្ពុជាមានពាណិជ្ជករជប៉ុនរហូតដល់ ១ ៧០០នាក់។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងរបស់លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក គុជ បញ្ញាសា លើកឡើងដូចនេះ ក្នុងពិធីបើកពិព័រណ៍ទេសចរណ៍ជប៉ុន លើកទី៥ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ នៅផ្សារទំនើបស៊ីអនភ្នំពេញ។

ជាក់ស្តែង ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការផ្លូវការ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៨ មិត្តជប៉ុន បានផ្តល់ហិរញ្ញប្បទានប្រមាណជាង ២,៨ពាន់លានដុល្លា ស្មើនឹងប្រមាណ ១៥ភាគរយ នៃហិរញ្ញប្បទានសរុបរបស់ដៃគូអភិវឌ្ឍន៍ទាំងអស់សម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។

លោក គុជ បញ្ញាសា មានជំនឿយ៉ាងមុតមាំថា តាមរយៈពិព័រណ៍ទេសចរណ៍ជប៉ុនលើកទី៥ នេះយើងនឹងអាចផ្សព្វផ្សាយបានកាន់តែទូលាយអំពីសក្តានុពលទេសចរណ៍ ក៏ដូចជាវប្បធម៌ ប្រពៃណីរបស់ជប៉ុន ហើយក៏ជាការចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមករវាងកម្ពុជា-ជប៉ុន ពិសេសបង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាពយ៉ាងសំខាន់នៃប្រភពទីផ្សារកម្ពុជា សម្រាប់វិស័យទេសចរណ៍ជប៉ុន។

លោកបានបន្តថា៖ «យើងទាំងអស់គ្នាបានជ្រាបស្រាប់ច្បាស់ហើយថា ទេសចរណ៍ គឺជាវិស័យអាទិភាព និងជាចន្ទល់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសង្គម ពិសេវិស័យនេះបានជួយលើកកម្ពស់សេដ្ឋកិច្ចនៅតាមមូលដ្ឋាន និង បានចូលរួមការការពារបរិស្ថាន និងសម្បត្តិវប្បធម៌ជាតិ»។

លោកបានឱ្យដឹងទៀតថា ជាក់ស្ដែងកាលពីឆ្នាំ២០១៩ មុនការមកដល់នៃវិបត្តិជំងឺកូវីដ-១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៦,៦លាននាក់ ក្នុងអត្រាកំណើនទេសចរណ៍ ៦,៦ភាគរយ ក្នុងនោះទេសចរជប៉ុន មានចំនួនជាង ២១ម៉ឺននាក់ កើនឡើង ៣,៥ភាគរយ បានបង្កើតការងារផ្ទាល់ប្រមាណជាង ៦៣ម៉ឺននាក់ ចូលរួមក្នុងផលិតផលជាតិសរុបជាង ១២ភាគរយ។

ជាលទ្ធផលឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជិត ២,២៨លាននាក់ កើនឡើង ១ ០៥៩ភាគរយ ក្នុងនោះ ទេសចរជប៉ុនមានប្រមាណជាង ២៩ ៧៣៣នាក់ កើនឡើង ១ ៣៧៨,៥ភាគ។ ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៤,៤លាននាក់ កើនឡើង ១៧៩,៧ភាគរយ ក្នុងនោះទេសចរជប៉ុនមកកម្ពុជា មានចំនួន ៦៦ម៉ឺននាក់ កើនឡើង ២៣៥ភាគរយ ក្រោមការដឹកនាំរបស់សម្តេចធិបតី ដែលបានចាត់វិស័យទេសចរណ៍ជាវិស័យអាទិភាព ក្នុងចំណោមវិស័យអាទិភាពផ្សេងៗទៀត ក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានផងដែរ។

ក្នុងឱកាសនោះដែរ អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណូ អាត់ស៊ូស៊ី បានលើកឡើងថា រដ្ឋាភិបាលជប៉ុនបានកំណត់គោលដៅ ក្នុងការបង្កើនចំនួនភ្ញៀវទេសចរបរទេសមកកាន់ប្រទេសជប៉ុន ដល់ ៦០លាននាក់ ក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ២០៣០ ហើយបាននឹងកំពុងផ្តោតលើការធ្វើឲ្យសេដ្ឋកិច្ចក្នុងស្រុក មានភាពរស់រវើកឡើងវិញ ដោយបញ្ចូលតម្រូវការដំណើរកម្សាន្តនៅក្នុងស្រុក ទៅក្នុងសេដ្ឋកិច្ចក្នុងស្រុកផងដែរ។ ថ្មីៗនេះចំនួនភ្ញៀវទេសចរមកទស្សនាប្រទេសជប៉ុន ពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍រួមទាំងប្រទេសកម្ពុជា កំពុងមានការកើនឡើង។

លោក អ៊ូអិណូ អាត់ស៊ូស៊ី បានបន្ថែមទៀតថា នៅក្នុងពិព័រណ៍ទេសចរណ៍ជប៉ុននេះ បន្ថែមពីលើខិតប័ណ្ណដែលមានព័ត៌មានអំពីគោលដៅទេសចរណ៍សំខាន់ៗរបស់ប្រទេសជប៉ុន យើងក៏បានរៀបចំដើម្បីចែកជូនសៀវភៅមគ្គុទេសក៍ទេសចរណ៍ផ្លូវការរបស់ប្រទេសជប៉ុនជាភាសាខ្មែជាលើកដំបូងផងដែរ។

អគ្គរាជទូតជប៉ុនប្រចាំកម្ពុជាសង្ឃឹមថា អ្នកនឹងអានវា និងស្វែងយល់ពីភាពទាក់ទាញរបស់ប្រទេសជប៉ុន ដូច្នេះយើងសង្ឃឹមថា ពិព័រណ៍ទេសចរណ៍ជប៉ុននេះ នឹងក្លាយជាកត្តាជំរុញឱ្យមនុស្សកាន់តែច្រើនចាប់អារម្មណ៍លើប្រទេសជប៉ុន និងពិចារណាអំពីដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក