ភ្នំពេញ៖ មហាសន្និបាតរបស់បក្សប្រជាជនកម្ពុជាបានបញ្ជាក់នូវជំហរការបន្តអនុវត្តនូវនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ លោះមូលដ្ឋានគោរពគោលការណ៍នានារបស់ធម្មនុញ្ញសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដើម្បីការពារប្រយោជន៍គោលរបស់កម្ពុជា និងបង្កើនការចូលរួមសកម្មកិច្ចសហការអន្តរជាតិដើម្បីបុព្វហេតុសន្ដិភាព សន្ដិសុខ កិច្ចសហប្រតិបត្តិការ និងវបុលភាពរបស់តំបន់ និងពិភពលោក។
ក្នុងសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតវិសមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ សន្និបាតបានលើកឡើងថាកម្ពុជាបានឆ្លងកាត់អស់ហើយនូវ ទុក្ខវេទនា ការលំបាកដែលចេញពីសង្គ្រាម ដែលវាគ្មានផលប្រយោជន៍ណាមួយសោះដល់ជាតិ និងប្រជាជន។
គណបក្សនេះបានស្នើដល់បណ្ដារដ្ឋនៃភាគីជម្លោះនានាក្នុងពិភពលោកដោះស្រាយជម្លោះដោយសន្ដិវិធី។
គណបក្សបានលើកឡើងថា៖ «គណបក្សប្រជាជនកម្ពុជាសូមអំពាវនាវដល់បណ្តារដ្ឋ និងភាគីដែលពាក់ព័ន្ធនឹង ជម្លោះនៅតាមតំបន់នានា សូមព្យាយាមរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចាដើម្បីធានានូវសុខសន្តិភាព ភាតរភាព និងវឌ្ឍនភាពជាសាកល។ កម្ពុជា ដែលធ្លាប់ឆ្លងកាត់មហាវិនាសកម្មនៃសង្គ្រាមដ៏រ៉ាំរ៉ៃ យល់យ៉ាង ច្បាស់អំពីតម្លៃនៃសន្តិភាព បើប្រជាជនត្រូវបាត់បង់សន្តិភាពហើយប្រជាជននឹងត្រូវបាត់បង់អ្វីទាំងអស់ ហើយសន្តិភាពមិនអាចនឹងបង្កើតបានដោយសង្គ្រាមឡើយ»៕