ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ទិសដៅការងារចំនួន៧ដែលមហាសន្និបាតបក្សប្រជាជនដាក់ទិសដៅសម្រាប់ការដឹកនាំរដ្ឋនៅឆ្នាំខាងមុខ

ភ្នំពេញ៖ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជា បានសម្រេចបានដាក់ចេញនូវទិសដៅការងារសំខាន់ៗដែលត្រូវអនុវត្តឱ្យបានសម្រេចនៅឆ្នាំខាងមុខរួមមាន៧ចំណុច រាប់ចាប់ពីការពង្រឹងខឿនការពារជាតិ រហូតដល់ការលើកកម្ពស់ជីវភាពមន្ត្រីរាជការ និងពលរដ្ឋ។

ក្នុងសេចក្ដីសម្រេចមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ មហាសន្និបាតបានប្រកាសគាំទ្រចំពោះការដឹកនាំរដ្ឋារបស់រដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា និងបានវាយតម្លៃថាក្នុងឆ្នាំ២០២៣ គឺជាឆ្នាំដែលមុខមាត់របស់កម្ពុជាកាន់តែត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ។

ជាមួយនឹងការកោតសរសើរ មហាសន្និបាតក៏បានពិនិត្យពិភាក្សាអំពីបញ្ហាប្រឈមនានានៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ទាំងកត្តាខាងក្នុង ទាំងកត្តាខាងក្រៅ ហើយបានធ្វើស្វ័យត្រួតពិនិត្យចំពោះចំណុចខ្វះខាតផ្សេងៗ ក្នុងការអនុវត្ត គោលនយោបាយក៏ដូចក្នុងការកសាងពង្រឹងគណបក្ស និងបានដាក់ចេញនូវទិសដៅការងារសំខាន់ៗដែលត្រូវ ពុះពារអនុវត្តឱ្យបានសម្រេចរួមមាន ការពង្រឹងខឿនការពារជាតិ ថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ មិនឱ្យកម្លាំងណាមកបំផ្លាញបានឡើយ លប់បំបាត់នយោបាយជ្រុលនិយមគ្រប់រូបភាព ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្តទាំងផ្លូវកាយ និងផ្លូវចិត្ត។

ប្ដេជ្ញាការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បន្តពង្រឹងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងលើកកម្ពស់ការគោរពសិទ្ធិមនុស្សតាមគន្លងនីតិរដ្ឋ។ បន្តជំរុញដំណើរការកែទម្រង់ស៊ីជម្រៅក្នុងវិស័យនានាប្រកបដោយឆន្ទៈមុតស្រួច និងសង្គតិភាព តាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់" ដើម្បីធានានូវអភិបាលកិច្ចល្អ យុត្តិធម៌សង្គម និងការអភិវឌ្ឍ។ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ភាពស្អាតស្អំ និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

មហាសន្និបាតក៏បានបញ្ជាក់ពីការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ខិតខំជំរុញកំណើនសេដ្ឋកិច្ច ឆ្នាំ ២០២៤ ឱ្យបានសម្រេចតាមការគ្រោងទុក លើមូលដ្ឋានប្រើប្រាស់ដោយឈ្លាសវៃនូវភាពអំណោយផលនានារបស់កម្ពុជា និងការជំរុញអនុវត្តនូវយុទ្ធសាស្ត្រ និងក្របខណ្ឌគោលនយោបាយនានារបស់រាជរដ្ឋាភិបាលនៅក្នុងវិស័យសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។

ជាងនេះទៅទៀតរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជននិងបន្តជំរុញការអភិវឌ្ឍប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និង ចីរភាពហិរញ្ញវត្ថុ តាមស្មារតី “មិនបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់" និងស្មារតីបុរេសកម្ម សំដៅធានាសន្តិសុខ ប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន ជាពិសេសប្រជាជនក្រីក្រ និង ងាយរងគ្រោះទាំងនៅទីជនបទ និងទីប្រជុំជន។ ព្រមជាមួយនោះ ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព និង ប្រសិទ្ធផលនូវកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ចំណុច និងកម្មវិធីជំនួយសង្គមផ្សេងៗទៀត ដើម្បីធានាស្ថិរភាព និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។ បន្តអភិវឌ្ឍប្រព័ន្ធសុខាភិបាល លើកកម្ពស់សុខុមាលភាពសង្គម និងជំរុញការអភិវឌ្ឍធនធានមនុស្ស បន្តលើកកម្ពស់ជីវភាពរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តជន និងអតីតយុទ្ធជន ក៏ដូចជាលើកកម្ពស់ ការការពារសិទ្ធិ សេចក្ដីថ្លៃថ្នូរ និងផលប្រយោជន៍របស់កម្មករ និយោជិត និងយកចិត្តទុកដាក់ដោះស្រាយបញ្ហានានា របស់អាជីវករ អ្នកលក់ដូរ និងអ្នកប្រកបរបររកស៊ីផ្សេងៗទៀតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។

គួរឲ្យដឹងផងដែលថាមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់បក្សប្រជាជនរៀបចំចំនួន២ថ្ងៃពីថ្ងៃទី៩ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ដោយមានសមាជិកគណៈកម្មាធិការកណ្តាល និងសមាជិកទូទាំងប្រទេសចូលរួមចំនួន ៣ ៦០០នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក