
រាជរដ្ឋាភិបាលអាណត្តិទី៧ នេះនឹងបន្តធ្វើកំណែទម្រង់តាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»
ភ្នំពេញ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តធ្វើកំណែទម្រង់ស៊ីជម្រៅតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីឱ្យសង្គម និងមនុស្សម្នាក់ៗទទួលបានភាព ស្អាត ស្អំ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ព្រមទាំងក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសន្តិភាព។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បែបនេះ នៅក្នុងឱកាស «ទិវាប្រឆាំងអំពើពុករលួយ» ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ដែលទិវានេះតែងតែងរៀបចំឡើងដើម្បីលើកកម្ពស់ និងបើកទូលាយមិនឈប់ឈរដើម្បីកសាងមាតុភូមិកម្ពុជាឱ្យវៀចាកពីអំពើពុករលួយ និងស្គាល់តែភាពស្អាតស្អំ និងការរីកចម្រើនជានិច្ចកាល។
នាយករដ្ឋមន្ត្រីកម្ពុជាបានរំលឹកពីការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិសម្តេចតេជោ ហ៊ុន សែន ដែលបានអនុវត្តជាបន្តបន្ទាប់នូវកំណែទម្រង់ស៊ីជម្រៅជាច្រើន ដែលបាននាំកម្ពុជា ក្លាយជាប្រទេសមួយមានកំណើនសេដ្ឋកិច្ច ខ្ពស់ ប្រកបដោយសង្គតិភាព ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ តាមបាវចនាដ៏ប្រជាប្រិយ ងាយចាំ ងាយយល់ ងាយអនុវត្ត ងាយនាំគ្នាកែទម្រង់ ៥ពាក្យរបស់ សម្តេចតេជោ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» បានបញ្ជ្រាបចូលយ៉ាងឆាប់រហ័សដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាជនគ្រប់ស្រទាប់។
សម្តេចធិបតី បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល គ្រប់ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល អ្នកសារព័ត៌មាន និងប្រជាជន បានរួមគ្នាមិនឈប់ឈរ អស់រយៈពេល ៦ អាណត្តិ កន្លងទៅ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ របស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការអប់រំ ដើម្បីម្នាក់ៗមិនចង់ពុករលួយ ការបង្ការ ទប់ស្កាត់ ដើម្បីម្នាក់ៗមិនអាចពុករលួយ និងការអនុវត្តច្បាប់ ដើម្បីឱ្យម្នាក់ៗមិនហ៊ានពុករលួយ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នេះនឹងនៅតែបន្តលើកកម្ពស់បន្ថែមទៀតនូវបាវចនា ៥ពាក្យនេះ ហើយបើមានអ្វីមកប៉ះពាល់ប្រយោជន៍សាធារណៈ រាជរដ្ឋាភិបាលនឹងរារាំងភ្លាម៕