គណបក្សប្រជាជនបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសដើម្បីបន្ថែមសមាជិកអនុប្រធានបក្ស និងគណៈកម្មាធិការកណ្ដាល
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាបានបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន៧មករា ក្នុងរាជធានីភ្នំពេញ។
បើតាមរបៀបវារៈនៃមហាសន្និបាតដ៏ធំរបស់បក្សដ៏មានអំណាចនេះគឺដើម្បីជ្រើសរើសបន្ថែមនូវអនុប្រធានគណបក្ស សមាជិកគណៈកម្មាធិការកណ្ដាល និងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការហិរញ្ញវត្ថុ និងប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃ គណៈកម្មាធិការកណ្តាល។
ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាសម្ដេចមហាពញាចក្រី ហេង សំរិន បានលើកឡើងថាគណបក្សប្រជាជនកម្ពុជាពុំដែល ធ្វេសប្រហែស ឬបាត់ម្ចាស់ការលើកិច្ចការងារជាយុទ្ធសាស្ត្ររបស់ខ្លួនឡើយ។
សម្ដេចថា៖ «យ៉ាងណាមិញការត្រៀមលក្ខណៈសម្រាប់ការបន្តវេន គឺជារឿងចាំបាច់ ហើយពេលវេលាដែលត្រូវប្តូរជំនួសគ្នានៅពេលណានោះ ក៏ត្រូវបាន ពិនិត្យពិច័យយ៉ាងល្អិតល្អន់ផងដែរ ដើម្បីរក្សាបាននូវសន្តិភាព ស្ថេរភាព សន្តិសុខ និងការអភិវឌ្ឍបន្តទៀត»។
គួរឲ្យដឹងផងដែលថាមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់បក្សប្រជាជនរៀបចំចំនួន ២ថ្ងៃ ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ដោយមានសមាជិកគណៈកម្មាធិការកណ្តាលចូលរួមមានចំនួន ៧៣៩នាក់លើបរិមាណនៃរចនាសម្ព័ន្ធរួម ៨៦៥រូប និងមានសមាជិកទូទាំំងប្រទេសចូលរួមប្រមាណជា ៣ ៦០០នាក់៕