កម្ពុជារៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ រំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលUN អនុម័តសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស
ភ្នំពេញ៖ គណៈកម្មាសិទ្ធិមនុស្សកម្ពុជា បានរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ជាថ្ងៃរំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមហាសន្និបាតរបស់អង្គការសហប្រជាជាតិ (UN) បានអនុម័តសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស (Universal Declaration of Human Rights) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨។
ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ក្រោមប្រធានបទខួបទី៧៥ នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស មានការចូលរួមពី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី និង តំណាងប្រចាំនៅកម្ពុជារបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Roueida El Hage និង សមាគម អង្គការពាក់ព័ន្ធជាច្រើនទៀត នាថ្ងៃសុក្រ ទី៨ ខែ ធ្នូ ឆ្នាំ ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ក្នុងឱកាសនោះ លោក កែវ រ៉េមី បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែយកចិត្តទុកដាក់ទៅលើសិទ្ធមនុស្សទេ ប៉ុន្តែក៏បានយកចិត្តទុកដាក់ទៅលើ សង្គម សេដ្ឋកិច្ច និងវប្បធម៌ និងបានដោះស្រាយទុក្ឋលំបាករបស់ប្រជាជន ដូចជា ការចែកបណ្ណសមធម៌ដល់ពលរដ្ឋក្រីក្រ ផ្តល់នូវរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ជាដើម។
លោក កែវ រ៉េមី ក៏បានលើកឡើងពីចំណុចវិជ្ជមានរបស់កម្ពុជា ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា ដោយកម្ពុជា មិនបានរឹតត្បិត ឬដាក់ទោសចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងបានទទួលប្រសាសន៍ការណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន កុំឱ្យមានការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា។
ទន្ទឹមនោះដែល លោកស្រី Roueida El Hage ក៏បានលើកឡើងដែលថា ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ក្រោមប្រធានបទខួបទី៧៥ នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្សនៅកម្ពុជានេះ បង្ហាញពីការយកចិត្តទុកដាក់និងលើកកម្ពស់ទៅលើសិទ្ធិមនុស្សនៅកម្ពុជា ខណៈកាតព្វកិច្ចរបស់រដ្ឋ និងប្រជាពលរដ្ឋក្នុងប្រទេសមួយ ត្រូវដើម្បីធ្វើយ៉ាងណាឱ្យមានការចូលរួមគោរពសិទ្ធមនុស្ស។
គួរបញ្ជាក់ថា ក្នុងជំនួបជាមួយ លោក វីធីត មុនតាបិន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ លោក កែវ រ៉េមី បានបញ្ជាក់ថា ប្រទេសកម្ពុជានៅតែប្ដេជ្ញាបន្តថែរក្សាសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ ក្នុងការធានាសិទ្ធិមនុស្ស ជាពិសេសគឺសិទ្ធិរស់រានមានជីវិត៕