ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋមន្រ្តីបរិស្ថាន៖ នាវាបរិស្ថានបន្តបោះជំហានទៅមុខ ប្រកបដោយភាពប្រាកដនិយម ស្របតាមយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ២០២៣-២០២៨

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានលើកឡើងថា នាវាបរិស្ថានបន្តបោះជំហានទៅមុខ ប្រកបដោយភាពប្រាកដនិយម ដូចមានចែង ក្នុងគោលនយោបាយ យុទ្ធសាស្រ្ត បញ្ចាកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងស្របតាមយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ២០២៣-២០២៨។

លោក អ៊ាង សុផល្លែត បានលើកឡើងបែបនេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការក្រសួងបរិស្ថាន ក្នុងពិធីបូកសរុប សកម្មភាពការងាររយៈពេល ១០០ថ្ងៃ និងលើកទិសដៅអនុវត្តបន្ត នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។

រដ្ឋមន្រ្តីបរិស្ថាន បានឱ្យដឹងថា នាវាបរិស្ថានបានចេញដំណើរ បានជាង ១០០ថ្ងៃមកនេះ សម្រេចបានដោយជោគជ័យ លើបេសកកម្មសំខាន់ៗ ដែលរួមចំណែកដល់ការលើកកម្ពស់ ប្រសិទ្ធភាពការគ្រប់គ្រង ធនធានធម្មជាតិ និងបរិស្ថាន សំដៅសម្រេចបាននូវគោលដៅ «សុក្រិត្យកម្ម បរិស្ថានកិច្ច»។

លោក អ៊ាង សុផល្លែត ក៏បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់ ចាំបាច់បន្តពង្រឹងការអនុវត្តផែនការសកម្មភាពការងារបន្ថែមទៀត ដើម្បីរួមចំណែកបង្កើន ការចូលរួមលើកកម្ពស់ ការគ្រប់គ្រងវិស័យបរិស្ថាន និងសម្រេចបាន នូវគោលដៅស្អាត បៃតង និងចីរភាព ឱ្យកាន់តែមានប្រសិទ្ធភាព ដូចមានចែង ក្នុងគោលនយោបាយ យុទ្ធសាស្រ្តបញ្ចាកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងស្របតាមយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ២០២៣-២០២៨។

នៅក្នុងទិសដៅបន្ត រដ្ឋមន្រ្តីបរិស្ថានរូបនេះ បានលើកឡើងពីផែនការសកម្មភាព ដែលអាចទាញយកឱកាស សម្រាប់កម្ពុជា ឈានឆ្ពោះទៅភាពស្អាត បៃតង និងចីរភាព ដោយផ្អែកលើ សមត្ថភាពកម្ពុជា ជាពិសេសការខិតខំប្រឹងប្រែង ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថាន ទាំងអស់ ដែលអាចធ្វើកិច្ចការបរិស្ថាន ជាមួយភាពជាម្ចាស់ និងអាចបង្ហាញស្នាដៃ កៀរគរថវិកា ពីគម្រោងនានា នៅលើឆាកអន្តរជាតិ ដោយរក្សានូវឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជា។

គួរឱ្យដឹងដែរថា បន្ទាប់ពីរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ នៃរដ្ឋសភាបានបង្កើតឡើង ក្រោមការដឹកនាំ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក អ៊ាង សុផល្លែត បានដឹកនាំនាវាបរិស្ថាន ក្នុងរយៈពេល ១០០ថ្ងៃ ទទួលបានជោគជ័យ ជាមួយសមិទ្ធផលជាច្រើន រួមមាន យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ថ្ងៃទី០១ កញ្ញា ដែលធ្វើឲ្យមានសិស្សានុសិស្ស ចំនួន ៣លាននាក់ និងកម្មករកម្មការិនីចំនួន ៦០ម៉ឺននាក់ បានចូលរួម ដើម្បីធ្វើឲ្យកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្អាត នៅថ្ងៃខាងមុខ។

សមិទ្ធផលមួយចំនួនទៀត ដែលក្រសួងបរិស្ថានសម្រេច បានរួមមាន ការពង្រឹងការគ្រប់គ្រងរដ្ឋបាល តាមប្រព័ន្ធទំនើប ឆ្ពោះទៅជារដ្ឋបាលឌីជីថល ការពង្រឹងការអនុវត្តច្បាប់ ១០០% ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ ការដាក់ចេញយុទ្ធនាការផ្តល់កូនឈើចំនួន ១លានដើម ជារៀងរាល់ឆ្នាំ ជូនប្រជាពលរដ្ឋដាំ ចាប់ពីឆ្នាំ២០២៤ ដើម្បីបង្កើនគម្របព្រៃ ឲ្យបាន ៦០% នៅឆ្នាំ២០៥០ ឈានឆ្ពោះទៅទទួលបាននូវអព្យាក្រឹតកាបូន និងការលើកកម្ពស់ជីវភាព ប្រជាសហគមន៍ ឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងឆ្លើយតបយុទ្ធសាស្រ្តចក្រា ដែលបានដាក់ចេញ ជាពិសេសគ្រប់គម្រោងអភិវឌ្ឍន៍ ដែលបានគាំទ្រដល់ការលើក ស្ទួយជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក