ភ្នំពេញ៖ ស្នងការភ្នំពេញរាជធានីភ្នំពេញ បានបញ្ជាក់ថា មន្ត្រីជាប់កិច្ចសន្យាមិនមានសិទ្ធិចាប់ឃាត់យានយន្តល្មើសច្បាប់ចរាចរណ៍នោះឡើយ តែមានតួនាទីជួយសហការសម្រួលការងារចរាចរណ៍ ជាមួយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ដូចនេះ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីមានការផ្សព្វផ្សាយ ទាក់ទងទៅនឹងមន្ត្រីជាប់កិច្ចសន្យា ឈរជើងគោលដៅស្តុបអូរបែកក្អម ចេញឃាត់រថយន្ត។
ស្នងការភ្នំពេញរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បានបញ្ជាឱ្យមន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវ និងកោះហៅមន្ត្រីជាប់កិច្ចសន្យាឈ្មោះ សេង កុសល ឈរជើងគោលដៅស្តុបអូរបែកក្អម ដើម្បីសាកសួរបំភ្លឺ ជុំវិញការបង្ហោះវិដេអូនៅគោលដៅស្តុបអូរបែកក្អម ទាក់ទងករណីចេញឃាត់រថយន្ត។
តាមរយៈសេចក្តីបំភ្លឺរបស់ស្នងការរាជធានីភ្នំពេញ បញ្ជាក់ថា៖ «មន្ត្រីជាប់កិច្ចសន្យាមានតួនាទីជាជំនួយសហការការងារជួយសម្រួលការងារចរាចរណ៍ ជាមួយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មិនមានសិទ្ធិចាប់ឃាត់យានយន្តល្មើសច្បាប់ចរាចរណ៍នោះឡើយ»។
គួរឱ្យដឹងដែរថា បច្ចុប្បន្នមន្ត្រីជាប់កិច្ចសន្យារូបនេះ ត្រូវបានកំពុងសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕