ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គយបំភ្លឺជុំវិញករណីសាច់បង្កក ៣៧០តោន នៅសង្កាត់ក្រាំងធ្នង់ ថាជាសាច់នាំចូលដោយបំពេញកាតព្វកិច្ចពន្ធ និងអាករត្រឹមត្រូវ

ភ្នំពេញ៖ ករណីចុះផ្សាយថាបង្រ្កាបបានសាច់បង្កក ៣៧០តោន នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ថាជាសាច់ដែលនាំចូលគ្មានច្បាប់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបដិសេធ និងបំភ្លឺថាសាច់បង្កកទាំងនោះជាសាច់ដែលនាំចូលដោយបំពេញកាតព្វកិច្ចពន្ធ និងអាករត្រឹមត្រូវ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ចេញមកបំភ្លឺបែបនេះក្រោយកត់សម្គាល់ឃើញមានការចុះផ្សាយតាមសារព័ត៌មាន និងតាមប្រព័ន្ធបណ្ដាញសង្គមមួយចំនួន អំពីការចុះត្រួតពិនិត្យឃ្លាំងត្រជាក់មួយកន្លែង ដែលមានទីតាំងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ជាការលើកឡើង មិនត្រឹមតែផ្ទុយពីការពិតទេ តែអាចជាការមានចេតនាធ្វើឲ្យមានការយល់ច្រឡំ និងវឹកវរក្នុងសង្គមតាមរយៈការផ្សព្វផ្សាយ និងចែករំលែកតគ្នាអំពីព័ត៌មានមិនពិតបែបនេះ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានដូចខាងលើ គយ បានចាត់តាំងកម្លាំងមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចជាបន្ទាន់ចុះទៅទីតាំងឃ្លាំង ដើម្បីស្រាវជ្រាវនិង សាកសួរម្ចាស់ឃ្លាំងអំពីអនុលោមភាពច្បាប់ពាក់ព័ន្ធនឹងការនាំចូល និងស្តុកទុកសាច់បង្កកទាំងនោះនៅក្នុងឃ្លាំង។

ជាលទ្ធផល គយ បានពិនិត្យឃើញថា សាច់បង្កកចម្រុះដែលមានប្រភពមកពីប្រទេសអ៊ីតាលី, ប្រេស៊ីល, អាឡឺម៉ង់, រុស្សី, ឥណ្ឌា ជាដើម ដែលមានទម្ងន់សរុបប្រមាណ ៣៧០តោន ត្រូវបាននាំចូលដោយបំពេញកាតព្វកិច្ចពន្ធនិងអាករត្រឹមត្រូវតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន និងមានភ្ជាប់មកជាមួយនូវវិញ្ញាបនបត្របញ្ជាក់អនាម័យសាច់ពីប្រទេសនាំចេញ ហើយនៅមានសុពលភាពប្រើប្រាស់ ពោលគឺពុំទាន់ហួសកាលបរិច្ឆេទប្រើប្រាស់ដូចបានលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ដោយបុគ្គលមួយចំនួនឡើយ។

ទន្ទឹមនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានបញ្ជាក់ដែរថា ការនាំចូលសាច់បង្កកពីបរទេសតម្រូវឱ្យមានភ្ជាប់នូវវិញ្ញាបនបត្របសុព្យាបាល ឬវិញ្ញាបនបត្រអនាម័យសាច់ឬផលិតផលសត្វពីប្រទេសនាំចេញ និងពុំតម្រូវឱ្យមានការស្នើសុំលិខិតអនុញ្ញាតនាំចូលឬលិខិតគតិយុត្តប្រហាក់ប្រហែលពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចក្នុងប្រទេសកម្ពុជាឡើយ។

ជាមួយគ្នានេះ គយ ក៏បានលើកឡើងពីការទប់ស្កាត់ និងចាប់ឃាត់ និងដុតបំផ្លាញចោលជាបន្តបន្ទាប់នូវសាច់បង្កកខូចគុណភាពដែលត្រូវបានលួចនាំចូលមកកម្ពុជាតាមច្រករបៀងនានាដោយខុសច្បាប់ជាច្រើនករណី ដោយមានការចូលរួមសហការជាមួយស្ថាប័ន-អាជ្ញាធរពាក់ព័ន្ធ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អំពាវនាវឱ្យគ្រប់អង្គភាព-ស្ថាប័នពាក់ព័ន្ធ និងបណ្ដាញសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គមមេត្តាជៀសវាងការចុះផ្សាយនិងចែករំលែកព័ត៌មានមិនពិត និងមានចរិតលក្ខណៈបង្កឱ្យមានការភាន់ច្រឡំ ដែលអាចបណ្ដាលឱ្យមានចលាចលសង្គម និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាការប៉ះពាល់ដល់ការធ្វើអាជីវកម្មរបស់ធុរជននាំចូល និងចែកចាយសាច់បង្កក ដែលគោរពតាមបទប្បញ្ញត្តិជាធរមានរបស់កម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក