វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ក្រុមហ៊ុនចិន BUCG កំពុងសិក្សាលទ្ធភាពសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតនៅតំបន់ទន្លេមេគង្គ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុន Beijing Urban Construction Group Co., LTD (BUCG) លោក លី ដៅសុង (Li Daosong) និងគណៈប្រតិភូ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុន លី ដៅសុង បានជម្រាបជូន សម្តេចធិបតី អំពីគម្រោងវិនិយោគមួយចំនួនរបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងផ្នែកប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ នៅតាមបណ្តាខេត្ត-ក្រុងមួយចំនួនក្នុងប្រទេសកម្ពុជា រួមមានខេត្តបាត់ដំបង សៀមរាប កំពង់ចាម កំពង់ស្ពឺ ព្រះសីហនុ និងក្រុងសេរីសោភ័ណ្ឌ។

លោកបានបន្តជម្រាបថា ក្រុមហ៊ុនកំពុងធ្វើការសិក្សាលទ្ធភាពក្នុងការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតនៅតំបន់ខាងកើតទន្លេមេគង្គ និងខាងលិចប៉ែកខាងលើទន្លេមេគង្គ ព្រមជាមួយនឹងគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធានមនុស្សលើវិស័យវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ ព្រមទាំងវិស័យមួយចំនួនផ្សេងទៀត។

លោកប្រធានក្រុមហ៊ុន BUCG ក៏បានជម្រាបបញ្ជាក់ជូន សម្តេចនាយករដ្ឋមន្ត្រី ផងដែរថា ក្រុមហ៊ុននឹងនាំមកនូវបច្ចេកវិទ្យាទំនើបថ្មីៗក្នុងការអនុវត្តគម្រោងនានារបស់ខ្លួន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល អាណត្តិទី៧នេះ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះគណៈប្រតិភូក្រុមហ៊ុន BUCG ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាឱកាសនេះ ស្របពេលដែលឆ្នាំ២០២៣នេះ ជាខួបលើកទី៦៥ នៃចំណងការទូតកម្ពុជា-ចិន និងត្រូវបានកំណត់ជាឆ្នាំមិត្តភាពរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន BUCG នៅក្នុងដំណើរការអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការលើកកម្ពស់សុខភាពសាធារណៈ តាមរយៈគម្រោងវិនិយោគជាច្រើនក្នុងផ្នែកប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ និងទឹកស្អាត ក៏ដូចជាការចូលរួមសហការជាមួយវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យសំខាន់ៗ រួមមាន៖ ប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធបង្ហូរទឹក ការសាងសង់ផ្លូវរថភ្លើងលើដី និងក្រោមដីក្នុងទីក្រុង ផ្លូវ ថ្នល់ និងស្ពាន។

សម្តេចធិបតី បានគាំទ្រចំពោះគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធានមនុស្សលើវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ និងបានជំរុញឱ្យក្រុមហ៊ុនបន្តនាំយកនូវបច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីចូលរួមចំណែកនៅក្នុងវិស័យប្រព្រឹត្តកម្មទឹកកខ្វក់ និងការផ្គត់ផ្គង់ទឹកស្អាត ដើម្បីគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់សុខភាពសាធារណៈ នៅកម្ពុជា។

ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យមើលលទ្ធភាពក្នុងការពង្រីកការវិនិយោគនៅក្នុងវិស័យសក្តានុពលផ្សេងទៀត ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាដើម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក