គណបក្សប្រជាជនកម្ពុជា ច្រានចោលចំពោះការចោទថា គណបក្សប្រើប្រាស់លុយដើម្បីទទួលបានការតែងតាំងជាសមាជិកគណៈកម្មាធិការកណ្ដាល
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានច្រានចោលចំពោះព័ត៌មានផ្សាយដោយ The Cambodia Daily ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ចំពោះការចោទប្រកាន់អំពីការប្រើប្រាស់លុយ ដើម្បីទទួលបានការតែងតាំងជាសមាជិកគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាជនកម្ពុជា បំភ្លឺថា ក្នុងនាមគណបក្សឈ្នះឆ្នោតដឹកនាំ រាជរដ្ឋាភិបាលអាណត្តិទី៧ និងក្រោមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត គណបក្សប្រជាជនកម្ពុជា ផ្តោតសំខាន់លើការកសាងធនធានមនុស្សប្រកបដោយគុណភាព និងមានឆន្ទៈខ្ពស់ដើម្បីបម្រើជាតិនិងប្រជាជន។
គណបក្សប្រជាជនកម្ពុជា អះអាងថា មហាសន្និបាតវិសាមញ្ញតំណាងទូទាំង ប្រទេសប្រចាំឆ្នាំរបស់គណបក្ស នឹងរៀបចំនៅថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលគណបក្ស ក្រោយពីទទួលបានជោគជ័យនិងការគាំទ្រដ៏ច្រើនលើសលុបក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ ពីប្រជាជន ដែលនេះ សរបញ្ជាក់អំពីការឯកភាពផ្ទៃក្នុងដ៏រឹងមាំនិងមិនអាចបំបែកបំបាក់បាន។
គណបក្សប្រជាជនបញ្ជាក់ឱ្យដឹងថា ការជ្រើសរើសបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ត្រូវផ្អែកទៅលើសមត្ថភាព បទពិសោធន៍ គុណវុឌ្ឍ និងចរិយាធម៌ ដែលមានគុណតម្លៃឆ្លើយតបទៅនឹងតម្រូវការ ធនធានមនុស្សសម្រាប់ការដឹកនាំបក្សនិងរដ្ឋ ដើម្បីការពារសន្តិភាព ឯករាជ្យភាព អធិបតេយ្យ បូរណភាពទឹកដី ជាពិសេស ការការពារសមិទ្ធផល ដែលថ្នាក់ដឹកនាំគ្រប់ជំនាន់នៃគណបក្សប្រជាជនកម្ពុជា បានតស៊ូ លះបង់ ការពារ និងកសាងសង្គមជាតិមាតុភូមិកម្ពុជា ឱ្យមានការអភិវឌ្ឍនិងមានកិត្តិនាមនៅក្នុងឆាកជាតិនិងអន្តរជាតិមកទល់បច្ចុប្បន្ន។
សម្រាប់គណបក្សប្រជាជនកម្ពុជា ចំពោះព័ត៌មាននេះ គឺជាការបំភ្លៃបំផ្លើស ញុះញ៉ុង មានចរិកបំពុលសង្គម មានចេតនាធ្វើឱ្យប៉ះពាល់ កិត្តិនាម កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សមាជិក គណបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាជនកម្ពុជា ថ្លែងដូច្នេះថា៖ «សារព័ត៌មាន The Cambodia Daily ត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន និងមាន ការទទួលខុសត្រូវចំពោះការចុះផ្សាយព័ត៌មានពិត ដើម្បីរក្សានូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នខ្លួននិងសង្គម»៕