ភ្នំពេញ៖ សំឡេងអ៊ូអរចេញពីសាលមហោស្រពកោះពេជ្រ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃច័ន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពេលដែលកម្ពុជាកំពុងអបអរសាទរខួប ២៥ឆ្នាំ នៃទិវាជនមានពិការភាពជាតិក្រោម “ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌”។
មានជនមានពិការភាពជិត ៣ពាន់នាក់មកចូលរួមថ្ងៃពិសេសនេះជាមួយនឹងក្ដីរីករាយដែលអាចបង្ហាញឱ្យឃើញលើស្នាមញញឹមរបស់ពួកគាត់ទាំងអស់គ្នា។
លោក ហៃ គឹមគា អាយុ ៥៧ឆ្នាំ ជាជនមានពិការភាពទាក់ទងនឹងខួរក្បាល តែគាត់ជាអ្នកលក់វត្ថុអនុស្សាវរីយ៍ដែលមានវោហាសន៍ម្នាក់ដែលយើងអាចដឹងតាមរយៈបទសម្ភាសន៍ជាមួយ។ លោករីករាយជាខ្លាំងដែលបានចូលរួមអបអរទិវាជនមានពិការភាពជាតិនេះ និងបាននិយាយថា មនុស្សគ្រប់រូបតែងមានលក្ខណៈពិសេសរបស់ខ្លួនទោះបីជនមានពិការភាពក៏ដោយ។
លោកថា៖ «ជនមានពិការភាពមិនអាចថាពិការទាំងអស់ទេគាត់មានដុងរបស់គាត់»។
ជនមានពិការភាពជិះរទេះម្នាក់លោក ហុង ឡាយ អាយុ ៥១ឆ្នាំ ជាគ្រូបង្រៀនថាស្ថានភាពជនមានពិការភាពនៅកម្ពុជាបច្ចុប្បន្នមានភាពល្អប្រសើរជាងមុខច្រើន ខណៈទោះបីជាលោកពិការជើងទាំងពីរក្ដីតែលោកអាចប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដោយខ្លួនឯងបាន និងប្រកបកិច្ចការដូចមនុស្សធម្មតាបានដូចគ្នា។
លោកថា៖ «ពីមុនមកដល់ឥឡូវគឺខុសគ្នាដាច់។ ចំពោះខ្ញុំគឺមានជីវភាពធូរធារជាងមុនច្រើន។ ជីវភាពធូរធារនេះគឺដោយសារយើងមានសុខសន្ដិភាពដែលយើងអាចប្រកបរបរអីក៏បានកុំឱ្យតែយើងទៅធ្វើអំពើខុសច្បាប់»។
លោកស្រី សុជាតា អាយុ ៤៣ឆ្នាំ ជាជនមានពិការភាពជើងកំពុងអង្គុយនៅរទេះរុញម្នាក់ ថាតាមការដែលជួបប្រទះផ្ទាល់អ្នកស្រីថាស្ថានភាពសិទ្ធិរបស់ជនមានពិការភាពក្នុងពេលបច្ចុប្បន្នកាន់តែត្រូវបានការពារ ហើយមានការចូលរួមពីប្រជាពលរដ្ឋថែមទៀត។
ជាម្ចាស់កសិដ្ឋានបណ្ដុះកូនឈើ និងម្ចាស់ Resort មួយកន្លែងផងនោះលោកស្រី សុជាតា បានលើកទឹកចិត្តដល់ជនមានពិការភាពគ្រប់រូបកុំឱ្យបាក់ទឹកចិត្ត ត្រូវមានភាពរឹងមាំ និងចាប់យកឱកាស។
លោកស្រីថា៖ «ខ្ញុំផ្ទាល់ជាជនមានពិការភាពផងខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនទាំងអស់សូមឱ្យគាត់បាក់ទឹកចិត្ត សូមមើលឃើញឱ្យឆ្ងាយកុំឱ្យឃើញពិការភាពខ្លួនឯងទន់ជ្រាយហើយបោះបង់ឱកាសចោល។ ចឹងឱកាសមានគ្រប់ទីកន្លែងទាំងអស់សម្រាប់គាត់ ដូចខ្ញុំផ្ទាល់ខ្ញុំចាប់យកឱកាសជាមួយបទពិសោធន៍ដែលបានពីឱកាសទាំងនោះហើយវាបានបង្រៀនខ្ញុំបន្ថែមទៀត»។
ក្នុងកម្មវិធីនាថ្ងៃនេះក៏មានការប្រគំតន្រ្តីដែលចូលរួមពីតារាចម្រៀងជាច្រើនផងដែរ ក្នុងនោះតារារ៉េប ពូឃ្លាំង ថាលោកចង់មកចូលរួមកម្មវិធីនេះជាយូរមកហើយដើម្បីលើកទឹកចិត្តដល់ជនមានពិការភាព។ ការចង់លើកទឹកចិត្តនេះព្រោះដោយសារតែលោកបានដិតអារម្មណ៍ចំពោះជនមានពិការភាពភ្នែកម្នាក់ពេលលោកចូលមើលតន្រី្តជនមានពិការភាពនៅម្ដុំវត្តបុទុមវត្តីកាលពីជាង ២០ឆ្នាំមុន។
លោកថា៖ «ខ្ញុំអត់ដឹងថាគាត់មានរឿងអីកើតឡើងទេខ្ញុំឃើញតែគេលេងភ្លេងតន្ត្រីជនពិការនៅម្ដុំវត្តុបុទុម។ ខ្ញុំអត់ដឹងទេខ្ញុំចូលទៅមើលខ្ញុំឃើញគាត់ស្លៀកពាក់យ៉ាងស្អាត ហើយគាត់លេងសើចសប្បាយដូចតែយើង តែដល់ពេលខ្ញុំដឹងថា គាត់មើលអត់ឃើញ ស្រាប់តែទឹកភ្នែកខ្ញុំស្រក់មកពីណាទេ! ព្រោះយើងគិតថាឃើញទេសូម្បីតែគ្នាមើលអត់ឃើញផងគ្នានៅចង់ស្អាតចុះទំរាំយើងមើលឃើញហើយយើងទៅមើលងាយគ្នា ដៀលគ្នាតើគ្នាពិបាកចិត្តយ៉ាងមិចទៅ? យើងមើលឃើញត្រូវគេថាឱ្យយើងពិបាកចិត្តចុះទំរាំគ្នាដើរអត់រួច គ្នាឆ្លើយអត់រួចតើគ្នាពិបាកយ៉ាងមិច?»។
លោកបានស្នើកុំឱ្យមានការរើងអើង ឬប្រើភាពប្រមាថមើលងាយលើជនមានពិការភាព។ លោកថា៖ «អ៊ីចឹងគតិឡើងវិញកុំមើលងាយជនពិការ កុំឱ្យគ្នាបាក់ទឹកចិត្តព្រោះផ្លូវអារម្មណ៍ហ្នឹងវាសំខាន់ណាស់! លើកទឹកចិត្តគ្នាឱ្យខ្លាំងគិតឱ្យដល់ទៅយើងមនុស្សដូចតែគ្នាទេ»។
ថ្លែងក្នុងឱកាសអបអរសាទទិវាជនមានពិការភាពកម្ពុជាឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ជា សុមេធី បានលើកឡើងថា ស្ថានភាពជនមានពិការភាពនៅកម្ពុជាត្រូវបានធ្វើឱ្យមានភាពល្អប្រសើរជាច្រើន ដោយសារកម្ពុជាទទួលបានសុខសន្ដិភាពពេញលេញ។
លោកថា៖ «ដោយសារកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ដែលជំរុញឱ្យប្រទេសជាតិមានការអភិវឌ្ឍជាបន្តបន្ទាប់ ជាកត្តាបានផ្តល់នូវអត្ថប្រយោជន៍ដែលបងប្អូនមានពិការភាពទទួលបានផ្លែផ្កា និងការគាំទ្រពីគ្រប់អ្នកពាក់ព័ន្ធ ក្រោមកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់ រាជរដ្ឋាភិបាលកម្ពុជា»។
យោងតាមរបាយការណ៍នៃការអង្កេតសេដ្ឋកិច្ចសង្គមឆ្នាំ២០២១ បានបង្ហាញថា អត្រាជនមានពិការភាព កម្ពុជាមានចំនួន ៨៧២ ៥២៧នាក់ ស្មើនឹង ៥,៣% នៃប្រជាជនសរុប ១៣,៥លាននាក់។ មូលហេតុចម្បងៗ ដែលនាំឱ្យមានពិការភាពនៅកម្ពុជា គឺបណ្តាលមកពីជំងឺកង្វះអាហារូបត្ថម្ភ តំណពូជ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ គ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម អំពើហិង្សា គ្រោះមហន្តរាយ ចាស់ជរា និងមូលហេតុផ្សេងៗទៀត។
លោករដ្ឋមន្ត្រីបានឱ្យដឹងថា បច្ចុប្បន្នមានជនមានពិការភាពជាង ៧ ៥០០នាក់កំពុងបម្រើការងារនៅតាមស្ថាប័នរដ្ឋនិងឯកជនទូទាំងប្រទេសកម្ពុជា។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងទិវាជនមានពិការភាពជាតិ និងអន្តរជាតិថា ជនមានពិការភាព គឺជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍គ្រួសារនិងសហគមន៍។ ពោលការលើកកម្ពស់សហគ្រិនភាព គឺជាកិច្ចការដ៏សំខាន់ដើម្បីបង្កើនឱកាសដល់ជនមានពិការភាពចូលរួមក្នុងសកម្មភាព សេដ្ឋកិច្ច លើកកម្ពស់ជីវភាពខ្លួន និងគ្រួសារដើម្បីចូលរួមអភិវឌ្ឍសង្គមឱ្យកាន់តែមានភាពប្រសើរឡើង។
ជាមួយគ្នានេះសម្ដេចធិបតីបានប្រកាសថា រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់វិស័យពិការភាពកម្ពុជា ខណៈគ្រប់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពផងដែរ។
សម្ដេចថា៖ «ដើម្បីឱ្យសង្គមមួយមានបរិយាបន្ន យើងត្រូវនាំគ្នាគិតគូរដល់ការចូលរួមរបស់ជនមានពិការភាពក្នុងជីវភាព សាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា កីឡា ការសម្រាកលម្តែ និងសកម្មភាពផ្សេងៗទៀត។ ទន្ទឹមនេះ ការផ្តល់សេវាយុត្តិធម៌ជូនជនមានពិការភាព ការធានាសមភាពយេនឌ័រភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រីមានពិការភាព ចាំបាច់ទាមទារឱ្យមានការចូលរួមពីគ្រប់ដៃគូពាក់ព័ន្ធទាំងអស់»។
ក្នុងឱកាសប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១នេះ កម្ពុជាបានប្រារព្ធឡើងក្រោមប្រធានបទ “ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌” ក្នុងគោលបំណងបង្កើនការយល់ដឹងអំពី ពិការភាពដើម្បីលើកស្ទួយការអនុវត្តកាតព្វកិច្ចនានាឈានទៅសម្រេចនូវការអនុវត្តអភិក្រម “ធ្វើឱ្យសិទ្ធិក្លាយជាការពិត” ដើម្បីផ្លាស់ប្តូរផ្នត់គំនិតការប្រើប្រាស់ពាក្យសំដី ប្រមាថមាក់ងាយ សើចចំអក ដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិនិងសេចក្តីថ្លៃថ្នូរ ហើយអាចបាត់បង់ឱកាស ចូលរួមយ៉ាងពេញលេញរបស់ជនមានពិការភាព។ ទោះបីជាទិវានេះបានបញ្ចប់ទៅក្ដីតែអត្ថន័យនិងការចងចាំនៅតែស្ថិតក្នុងបេះដូងយើងជាប់ជានិច្ចនូវភាពរីករាយ និងការរួមចំណែករបស់ជនមានពិការភាពក្នុងសង្គមជាតិកម្ពុជា៕