កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

«ស្រុកពួក» នៅខេត្តសៀមរាបត្រូវបានប្រកាសថា «អស់មីន»

សៀមរាប៖ «ស្រុកពួក» ស្ថិតនៅក្នុងខេត្តសៀមរាប ត្រូវបានប្រកាសថាជាស្រុកអស់មីន ក្រោមអធិបតីភាព ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន លី ធុជ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ដែលមានការចូលរូមពីស្ថានទូតអង់គ្គេស អាល្លឺម៉ង់ សហរដ្ឋអាមេរិក អៀរឡង់ នាយកទីភ្នាក់ងារស្វីសប្រចាំកម្ពុជា ប្រធានអង្គការហេឡូត្រាស្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធផ្សេងទៀត។

ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា កម្មវិធីប្រកាសថាស្រុកពួកអស់មីន នាពេលនេះ គឺជាពិធីដ៏វិសេសវិសាលមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករជាតិ-អន្តរជាតិ សហការរួមគ្នាដើម្បីបញ្ចប់នូវទុក្ខសោកវេទនារបស់ប្រជាពលរដ្ឋពីការគំរាមកំហែងដោយសារគ្រាប់មីន ហើយក៏ជាថ្ងៃដែលម្ចាស់ជំនួយទាំងអស់បង្ហាញនូវទឹកចិត្តអាណិតអាសូរ និងក្តីស្រឡាញ់ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅលើតំបន់មានការគំរាមដោយសារមីន។

ទេសរដ្ឋមន្រ្តី បន្តទៀតថា ការងារបោសសម្អាតមីននេះ គឺធ្វើឡើងដើម្បីឱ្យអនាគតរបស់ប្រជាពលរដ្ឋទាំងអស់មានការរីកចំរើន ជីវភាពរស់នៅកាន់តែប្រសើរឡើង និងរួចផុតពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ស្របតាមបំណងប្រាថ្នារបស់ សម្តេចធិបតី ដែលតែងតែយកចិត្តទុកដាក់ដល់ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់បន្ថែមទៀតថា ស្រុកពួក គឹជាស្រុកទី៣ បន្ទាប់ពីក្រុងសៀមរាប និងស្រុកក្រឡាញ់ ដែលធ្វើការបោសសម្អាតមីនចុងក្រោយរបស់អង្គការ HALO Trust ក្នុងទំហំផ្ទៃដី ៣.៥១២.៦៤៨ ម៉ែត្រក្រឡា និងរួមជាមួយអង្គភាពស៊ីម៉ាក់ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងអង្គការ NPA។

ទេសរដ្ឋមន្រ្តី បានអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសអាល្លឺម៉ង់ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អៀរឡង់ និងស្វីស ក៏ដូចជាការលះបង់របស់អ្នកដោះមីនទាំងអស់ ដែលបានចូលរួមគាំទ្រ និងបំពេញការងារដោយផ្ទាល់ ក្នុងការធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅស្រុកពួក ខេត្តសៀមរាប។

ឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូត បានចាត់ទុកការបញ្ចប់ការងារបោសសម្អាតមីននៅស្រុកពួក ខេត្តសៀមរាប គឺជាផ្នែកមួយក្នុងរួមចំណែក និងឈានឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យកម្ពុជាគ្មានមីនឆ្នាំ២០២៥។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូតទាំងអស់ បានសម្តែងនូវការគាំទ្រ និងអបអរសាទរចំពោះការទទួលបានភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ហើយបណ្តាប្រទេសជាមិត្តទាំងនោះ នឹងបន្តប្តេជ្ញាចិត្តចូលរួម និងឈរជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការស្វាគមន៍ និងរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក