ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

របាយការណ៍ UPR ជុំទី៤ នឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅឆ្នាំ២០២៤ និងត្រូវពិនិត្យនៅក្នុងសម័យប្រជុំលើកទី៤៦

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានឱ្យដឹងថា របាយការណ៍ ការពិនិត្យជាសកលតាមកាលកំណត់ (UPR) ជុំទី៤នេះ នឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅដើមឆ្នាំ២០២៤ និងត្រូវពិនិត្យនៅក្នុងសម័យប្រជុំលើកទី៤៦ របស់ក្រុមការងារ UPR នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ខណៈវេទិកាក្នុងការផ្ដល់មតិយោបល់ ឬធាតុចូលផ្សេងៗទៅលើសេចក្ដីព្រាងរបាយការណ៍ UPR ជុំទី៤ របស់កម្ពុជា កំពុងបានរៀបចំឡើង។

លោក កែវ រ៉េមី បានឱ្យដឹងដូចនេះ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ សម្រាប់ការពិនិត្យជាសកលតាមកាលកំណត់ (UPR) ដោយមានការចូលរួមពីតំណាងប្រចាំប្រទេស OHCHR លោកស្រី រួអេដា អិល ហាច និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក ចូ សូយ័រ នាថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា របាយការណ៍ UPR ជុំទី៤នេះ នឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅចុងខែមករា ឆ្នាំ២០២៤ និងត្រូវពិនិត្យនៅក្នុងសម័យប្រជុំលើកទី៤៦ របស់ក្រុមការងារ UPR នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ចន្លោះពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

លោក កែវ រ៉េមី បញ្ជាក់ដែរថា សិក្ខាសាលាក្នុងឱកាសនេះ រៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ក្នុងគោលបំណងផ្ដល់ជាវេទិកាមួយសម្រាប់ឱ្យភាគីទាំងអស់ ក្នុងការផ្ដល់មតិយោបល់ ឬធាតុចូលផ្សេងៗទៅលើសេចក្ដីព្រាងរបាយការណ៍ UPR ជុំទី៤ របស់កម្ពុជា និងដើម្បីឱ្យមានអនុលោមភាពជាមួយនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលលើកទឹកចិត្តឱ្យមានការពិគ្រោះយោបល់ឱ្យបានទូលំទូលាយ។

ទន្ទឹមនេះ លោកក៏បានលើកឡើងឱ្យដឹងថា ការពិនិត្យឡើងវិញជាសកល តាមកាលកំណត់ គឺជាយន្ដការសិទ្ធិមនុស្សតែមួយគត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលមានការចូលរួមពីប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំង ១៩៣ប្រទេស និងធ្វើឡើងរៀងរាល់ ចន្លោះពីបួនឆ្នាំកន្លះទៅប្រាំឆ្នាំម្ដង ខណៈយន្ដការនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសទាំងអស់ តាមរយៈការចែករំលែកឧត្តមានុវត្ត និងការផ្ដល់ជំនួយបច្ចេកទេសរវាងរដ្ឋនានា និងដៃគូផ្សេងៗទៀត ហើយក៏ដើម្បីធានាថា ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសទាំងអស់ត្រូវបានលើក យកមកជជែកពិភាក្សានៅចំពោះមុខរដ្ឋដទៃទៀតដោយស្មើៗគ្នា។

លោកបានបញ្ជាក់ថា កម្ពុជាបានចូលរួមជាមួយយន្ដការនេះ ចំនួនបីជុំរួចមកហើយ គឺក្នុងឆ្នាំ២០០៩ ២០១៤ និងឆ្នាំ២០១៩។ សម្រាប់ការពិនិត្យរបាយការណ៍ជុំទី៣ របស់កម្ពុជាក្នុងឆ្នាំ២០១៩ មានប្រទេសចំនួន ៧៣ចូលរួម និងបានផ្ដល់អនុសាសន៍សរុបចំនួន ១៩៨ ដោយក្នុងនោះកម្ពុជាបានសម្រេចទទួលយកចំនួន ១៧៣ និងធ្វើការកត់សម្គាល់ចំនួន ២៥អនុសាសន៍។

ជាមួយគ្នានេះ លោកស្រី រួអេដា អិល ហាច តំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) បានឱ្យដឹងថា ការចូលរួមពីអង្គការសង្គមស៊ីវិលនៅពេលនេះ ជាការបង្ហាញនូវកម្រិតមួយនៅពេលបញ្ជូនរបាយការណ៍ UPR ទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស។

លោកស្រីបញ្ជាក់ថា ការសន្ទនាដោយបើកចំហរនេះគឺ មានសារៈសំខាន់ណាស់ចំពោះលទ្ធផលជោគជ័យនៃដំណើរការ ដោយការចូលរួមនៅក្នុងជំហានបច្ចុប្បន្ននេះ ពិតជាមានភាពចាំបាច់ណាស់ក្នុងការធានាឱ្យមានប្រសិទ្ធភាព ដែលជាកន្លែងងមួយដែលផ្តល់នូវសុវត្ថិភាព បើកចំហ និងបើកទូកាយសម្រាប់តួអង្គនីមួយៗដើម្បីតាមដានទៅលើអនុសាសន៍របស់ UPR ជាពិសេសទាក់ទងទៅនឹងលំហសម្រាប់ប្រជាពលរដ្ឋ។

គួរឱ្យដឹងដែរថា គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្តល់វេទិកាសម្រាប់រដ្ឋាភិបាល ដើម្បីរៀបចំរបាយការណ៍ថ្នាក់ជាតិ បន្ទាប់ពីឆ្លងកាត់ដំណើរការពិគ្រោះយោបល់ថ្នាក់ជាតិ ជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក