ភ្នំពេញ៖ សហភាពអឺរ៉ុបបានផ្តល់ជំនួយចំនួន ៧លានដុល្លារដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យជលផលនៅកម្ពុជា។ ការប្រកាសនេះធ្វើឡើងដោយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក Igor Driesmans ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក Igor Driesmans បានលើកឡើងថា ភាពជាដៃគូររវាងកម្ពុជា និងអឺរ៉ុបលើវិស័យជលផលមានភាពរឹងមាំ។ ទោះបីជាមានបញ្ហាប្រឈម ប៉ុន្តែ EU ត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្របន្ថែមទៀតនូវវឌ្ឍនភាពក្នុងវិស័យសំខាន់នៃសុវត្ថិភាពកសិផល ដើម្បីលើកកម្ពស់គុណភាពផលិតផលដែលផលិតដោយវិស័យឯកជន និងប្រើប្រាស់ដោយប្រជាជនកម្ពុជាក្នុងប្រទេស ក៏ដូចជាគាំទ្រដល់គ្រឹះស្ថានកែច្នៃកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតំបន់ និងតម្រូវការទីផ្សារអន្តរជាតិ ដែលអាចផ្តល់ទីផ្សារសម្រាប់ផលិតផលកម្ពុជា និងបង្កើតការងារ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា វិស័យកសិកម្ម រួមទាំងជលផល និងព្រៃឈើកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាសាកល ដែលបន្តទាមទារភាពជាដៃគូរឹងមាំជាមួយអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងសហភាពអឺរ៉ុបផងដែរ ដើម្បីកាត់បន្ថយ និងសម្របខ្លួនទៅនឹងផលប៉ះពាល់អវិជ្ជមាន និងបំប្លែងឧបសគ្គទៅជាឱកាស។
លោករដ្ឋមន្ត្រីបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងកសិកម្មចំពោះការអភិវឌ្ឍន៍ជលផលប្រកបដោយនិរន្តរភាព ទាំងក្នុងតំបន់ទឹក និងសមុទ្រ តាមរយៈខ្សែសង្វាក់តម្លៃទាំងមូល ដើម្បីជាប្រយោជន៍ដល់ប្រជានេសាទ កសិករវារីវប្បកម្ម និងសហគ្រិន ក៏ដូចជាអ្នកប្រើប្រាស់។
«យើងក៏ប្តេជ្ញាការពារ និងអភិរក្សជម្រកសត្វ និងធនធានរបស់យើងផងដែរ»។ នេះជាការអះអាងរបស់លោករដ្ឋមន្ត្រីដោយបញ្ជាក់បន្ថែមថា តាមផែនការ ក្រសួងកសិកម្មនឹងកែប្រែការនេសាទទឹកសាបមកធ្វើបែបវារីវប្បកម្ម ដើម្បីបង្កើនចំណូល ទ្រទ្រង់ជីវភាពពលរដ្ឋ៕