លោក កែវ រ៉េមី៖ ប្រទេសកម្ពុជានៅតែប្ដេជ្ញាបន្តថែរក្សាសន្តិភាពដែលជាមូលដ្ឋានគ្រឹះក្នុងការធានាសិទ្ធិមនុស្ស
ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) លោក កែវ រ៉េមី បានលើកឡើងថា ប្រទេសកម្ពុជានៅតែប្ដេជ្ញាបន្តថែរក្សាសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ ក្នុងការធានាសិទ្ធិមនុស្ស ជាពិសេសគឺសិទ្ធិរស់រានមានជីវិត។
លោក កែវ រ៉េមី លើកឡើងដូចនេះក្នុងឱកាសទទួលជួបលោក វីធីត មុនតាបិន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំ គ.ស.ម.ក ដោយកិច្ចជំនួបនេះ មានគោលបំណង ពិភាក្សាអំពីវឌ្ឍនភាពនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅក្នុងប្រទេសកម្ពុជា។
ក្នុងជំនួបនេះ ប្រធានគណកម្មាធិការសិទ្ធិមនុស្សបានបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានបន្តការលើកកម្ពស់សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌តាមរយៈអាទិភាព ៦ចំណុចក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈអាទិភាព ៦ចំណុចក្នុងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដែលដឹកនាំដោយសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
លោក កែវ រ៉េមី បានគូសបញ្ជាក់ថា ចំពោះសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ គ.ស.ម.ក បានសហការជាមួយនឹងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) រៀបចំកិច្ចពិគ្រោះយោបល់ចំនួន ៣២លើក ដែលមានទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់តំបន់អាស៊ាន ជាមួយភាគីពាក់ព័ន្ធ ដូចជាសហជីពគ្រឹះស្ថានឧត្តមសិក្សា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អង្គការ សង្គមស៊ីវិល ដែលធ្វើការជាមួយជនមានពិការភាព ស្ត្រី កុមារ ប្រព័ន្ធផ្សព្វផ្សាយ មន្ទីរអង្គភាពជុំវិញខេត្ត ស្ថាប័ន នីតិបញ្ញត្តិ ស្ថាប័នជាតិសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន អាយឆា និង APF ដោយសេចក្តីព្រាងច្បាប់នេះ បានបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ រួចស្រេចហើយ។
លោក កែវ រ៉េមី ក៏បានលើកឡើងពីចំណុចវិជ្ជមានរបស់កម្ពុជា ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា ដោយកម្ពុជា មិនបានរឹតត្បិត ឬដាក់ទោសចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងបានទទួលប្រសាសន៍ការណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន កុំឱ្យមានការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា។
ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារ មាន លក្ខណៈល្អប្រសើរ ដោយជនជាប់ឃុំទទួលបានរបបអាហារតាមការកំណត់របស់ច្បាប់ស្តីពីពន្ធនាគារ ទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងពេលជាប់ឃុំ មានម៉ោងសម្រាប់ហាត់ប្រាណ ទទួលបាននូវការ ថែទាំជំងឺ មានបណ្ណាល័យសម្រាប់អានសៀវភៅ និងមានកន្លែងសម្រាប់ធ្វើពិធីសាសនាផ្សេងៗ។
ជាមួយគ្នានេះ លោក វីខិត មុនតាបិន ក៏បានសម្តែងនូវការកោតសរសើរចំពោះប្រទេសកម្ពុជា ដែលមាន វឌ្ឍនភាពជាវិជ្ជមានលើវិស័យសិទ្ធិមនុស្ស ជាពិសេសការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័ន សិទ្ធិមនុស្សជាតិ និងបានថ្លែងអំណរគុណចំពោះ គ.ស.ម.ក ដែលបានរៀបចំកិច្ចជំនួបនេះ ប្រកបដោយ បរិយាកាសស្និទ្ធស្នាល យោគយល់ និងនាំមកនូវលទ្ធផលគួរជាទីមោទកៈ៕