សាច់បង្កក និងទំនិញមួយចំនួន នៅតាមឃ្លាំងស្ដុក និងចែកចាយ ក្នុងរាជធានីភ្នំពេញ ត្រូវបានមន្រ្តីជំនាញ ក.ប.ប. ដុតកម្ទេចចោល
ភ្នំពេញ៖ មន្រ្តីជំនាញផ្នែកស៊ើបអង្កេត និងម្ហូបអាហាររបស់អគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើការដុតកម្ទេចចោលទំនិញជាសាច់បង្កក និងទំនិញមួយចំនួនដែលបានរកឃើញនៅតាមទីតាំងឃ្លាំងស្ដុកនិងចែកចាយក្នុងរាជធានីភ្នំពេញ។
មន្រ្តីជំនាញផ្នែកម្ហូបអាហារប្រមូលទំនិញដែលពុំមានអនុលោមភាពក្រោយរកឃើញតាមឃ្លាំងស្កុក លក់ និងចែកចាយសាច់បង្កកចំនួន ៥ទីតាំងផ្សេងគ្នា រួមមានខណ្ឌឬស្សីកែវ ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ កន្លងមកទៅធ្វើការដុតបំផ្លាញចោលនៅទីលានចាក់សម្រាម នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។
ទំនិញទាំងអស់នោះរួមមានសាច់បង្កក និងទំនិញដែលជាគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលសុទ្ធសឹងតែជាទំនិញពុំមានអនុលោមភាព មានហានិភ័យចំពោះសុខភាពប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់ចុងក្រោយ (Consumer)។
គួរដឹងដែរថា មន្រ្តីជំនាញម្ហូបអាហាររបស់អគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការក្រសួងពាណិជ្ជកម្មតែងតែចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទ និងគ្រប់ទីតាំងផលិត លក់ និងចែកចាយ ដើម្បីធានាការពារផលប្រយោជន៍អ្នកប្រើប្រាស់ សុខុមាលភាពបងប្អូនប្រជាពលរដ្ឋ ពិសេសធានានិរន្តភាពនៃការប្រកួតប្រជែងលើទីផ្សារ៕