
ប្រធានរដ្ឋសភាកម្ពុជាលើកទឹកចិត្តដល់សមាគមមិត្តភាពឡាវ-កម្ពុជា ផ្សព្វផ្សាយបណ្តុះបណ្តាលពីសារៈសំខាន់នៃទំនាក់ទំនងប្រទេសទាំងពីរដល់យុវជនជំនាន់ក្រោយ
ឡាវ៖ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកទឹកចិត្តសមាគមមិត្តភាពឡាវ-កម្ពុជា បន្តនូវសកម្មភាពដ៏ល្អរបស់ខ្លួននៅក្នុងការផ្សារភ្ជាប់បណ្តុះបណ្តាលដល់ពលរដ្ឋ ពិសេសយុវជនជំនាន់ក្រោយឱ្យបានយល់ដឹងកាន់តែស៊ីជម្រៅពីទំនាក់ទំនងរវាងឡាវនិងកម្ពុជា។ ជាពិសេសការផ្សព្វផ្សាយពីសារៈសំខាន់នៃទំនាក់ទំនងប្រទេសទាំងពីរដល់ពលរដ្ឋបានយល់ដឹងនិងចូលរួមថែរក្សាឱ្យបានគង់វង្ស។
សម្តេចប្រធានរដ្ឋសភាបានលើកឡើងដូចនេះ ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសមាគមមិត្តភាពឡាវ-កម្ពុជា ដឹកនាំដោយ ប្រធានសមាគមមិត្តភាព លោក Khambai DAMLATH ចូលជួបសម្តែងការគួរសម នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ Crown Plaza នាទីក្រុងវៀងចន្ទន៍។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងថាទំនាក់ទំនងដ៏ល្អ ដែលជាមិត្តភាពយូរអង្វែងនៃប្រទេសកម្ពុជា-ឡាវ មានលក្ខណៈជាប្រវត្តិសាស្រ្ត ប្រទេសទាំងពីរបានជួយគ្នាវិញទៅមក ជាពិសេសនៅគ្រាក្រលំបាក។ ដូច្នេះការថែរក្សានូវវប្បធម៌ ប្រពៃណី ទំនាក់ទំនងដ៏ល្អនេះឱ្យបានគង់វង្ស មិនត្រឹមផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនទាំងពីរនោះទេ។
ប្រធានរដ្ឋសភាក៏បានបន្ថែមដែរថា ការថែរក្សាប្រពៃណីទំនាក់ទំនងដ៏ល្អនេះ ជាការចូលរួមលើកកម្ពស់សន្តិសុខ វិបុលភាពដល់ពលរដ្ឋក្នុងតំបន់និងសកលលោកផងដែរ ដោយហេតុថាបច្ចុប្បន្ននេះ ពលរដ្ឋបានកំពុងរស់នៅក្នុងភាពមិនច្បាស់លាស់ ដោយសារការប្រទាញប្រទង់ភូមិសាស្រ្តនយោបាយ រួមនឹងការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត បញ្ហាសេដ្ឋកិច្ច ជាដើម នោះទាមទារ នូវការពង្រឹងគោលការណ៍ ពហុនិយមឱ្យបានខ្លាំងក្លាជាទីបំផុត។
លោក Khambai DAMLATH ប្រធានសមាគមមិត្តភាពឡាវកម្ពុជា បានរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភាពីការងារមួយចំនួនរបស់សមាគមនៅក្នុងការផ្សារភ្ជាប់ទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរជាអាទិភាពនោះថា ដើម្បីធ្វើការជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។ សមាគមបានបង្កើតសាខានៅតាមខេត្តដែលមានព្រំប្រទល់ជាប់នឹងប្រទេសកម្ពុជា ហើយបានធ្វើសកម្មជាច្រើនដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជនតាមរយៈការបង្កើតកម្មវិធីលេងកីឡា ការប្រណាំងទូក រួមនិងការធ្វើបុណ្យទានជាមួយគ្នាដើម។
ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា បានឱ្យដឹងទៀតថា ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ឱ្យបានជិតស្ថិតសមាគមបានសហការជាមួយ សមាគមមិត្តភាពកម្ពុជា-ឡាវ ដែលមាន នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិជាប្រធាន។ សមាគមមិត្តភាពនៃប្រទេសទាំងពីរតែងតែផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក រួមទាំងការជួបប្រជុំជាមួយគ្នាជាប្រចាំផងដែរ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនេះ។
ក្នុងឱកាសនោះ សម្តេចមហារដ្ឋសភាធិការធិបតី បានថ្លែងអំណរគុណ លោកប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា និងសហការី ដែលបានឆ្លៀតពេលមកជួបសម្តែងការគួរសមជាមួយសម្តេច និងបានថ្លែងការកោតសរសើរដល់ សមាគមដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការបន្ត ពង្រឹងពង្រីកចំណងមិត្តភាព ជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងប្រទេសទាំងពីរកម្ពុជា-ឡាវឱ្យបានស្ថិតស្ថេរយូរអង្វែង៕