សហរដ្ឋអាមេរិក មានផែនការជម្លៀសមន្ត្រីស្ថានទូតរបស់ខ្លួនទាំងអស់ ចេញពីអាហ្វហ្កានីស្ថាន ក្នុងពេល៧២ម៉ោង
វ៉ាស៊ីនតោន: សហរដ្ឋអាមេរិកមានផែនការដកបុគ្គលិកទូតស្ថានទូតទាំងអស់ រួមមានមន្ត្រីការទូតកំពូលរបស់ខ្លួនប្រចាំទីក្រុងកាប៊ុល ចេញពីប្រទេសអាហ្វហ្កានីស្ថាន ក្នុងរយៈពេល ៧២ម៉ោងខាងមុខនេះ។
សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ តាមស្ថានភាពនេះក្រុមមន្ត្រីសន្តិសុខនៃក្រសួងការបរទេសអាមេរិក រំពឹងទុកជាមុនថានឹងកើតឡើងផងដែរ បន្ទាប់ពីក្រុមតាលីបង់វាយដណ្ដើមកាន់កាប់ទឹកដីកាន់តែច្រើនកាលពីប៉ុន្មានថ្ងៃមុននេះ។
បើតាមប្រភពដដែល មន្ត្រីទូតអាមេរិកភាគច្រើននឹងត្រូវធ្វើដំណើរទៅកាន់អាកាសយានដ្ឋានទីក្រុងកាប៊ុល ដើម្បីជិះយន្ដហោះធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកវិញ រីឯមន្ត្រីទូតសំខាន់ៗមួយចំនួនតូច ក្នុងនោះរួមមានមន្ត្រីទូតកំពូលអាមេរិកប្រចាំប្រទេសអាហ្វហ្កានីស្ថាន នឹងបន្តស្ថិតនៅឯអាកាសយានដ្ឋានទីក្រុងកាប៊ុល ចាប់ពីពេលនេះតទៅ ជាការត្រៀមលក្ខណៈចាកចេញ។ នេះមានន័យថាស្ថានទូតអាមេរិកប្រចាំទីក្រុងកាប៊ុលអាចនឹងត្រូវបានបិទទ្វារ យ៉ាងយូរនៅថ្ងៃអង្គារសប្ដាហ៍ ក្រោយនេះ។
ក្រសួងការបរទេសអាមេរិក មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ប៉ុន្តែមន្ត្រីការទូតជាន់ខ្ពស់អាមេរិកកាលពីប៉ុន្មានថ្ងៃមុននេះ បានបញ្ជាក់ថា សហរដ្ឋអាមេរិកគ្មានផែនការបិទស្ថានទូតក្នុងទីក្រុងកាប៊ុលឡើយ៕
ប្រភព៖ CNN