តារាចម្រៀងពន្លកថ្មី ដែលយុវវ័យស្ទើរគ្រប់គ្នាហៅថា IDOL ភព "PHUP" កំពុងទទួលបានការគាំទ្រ និងកំពុងបញ្ចេញស្នាដៃថ្មីៗ ជាមួយនឹងបទពិរោះៗ
ភ្នំពេញ ៖ តារាចម្រៀងពន្លកថ្មី ដែលយុវវ័យស្ទើរគ្រប់គ្នាហៅថា IDOL ភព "PHUP" កំពុងទទួលបានការគាំទ្រខ្លាំងពីមហាជន ជាពិសេសអ្នកស្នេហាវិស័យសិល្បៈលើទឹកដមសំឡេងរបស់លោក ថាច្រៀងបានយ៉ាងផ្អែមពីរោះ។ ដោយមើលឃើញសន្ទុះ នៃការគាំទ្របែបនេះ ភព ក៏ត្រៀមបញ្ចេញស្នាដៃថ្មីៗ ដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០២៤។
តាមរយៈចម្រៀងជាច្រើនបទដែលតារាចម្រៀងសង្ហាររូបនេះ បានបង្ហោះនៅបណ្ដាញសង្កម Youtube Face-book និង Tiktok ចាប់តាំងពីឆ្នាំ២០២០មក គឺមានអ្នកចូលទស្សនា និងស្ដាប់ច្រើន។ ជាក់ស្ដែង គឺបទ “និយាយដើមស្រីៗ” ដែលលោកដាក់នៅលើ Tiktok មានអ្នកគាំទ្ររហូតជាង ១លានដង។ ក្រៅពីនេះក៏មានបទដ៏គួរចាប់អារម្មណ៍ និងផ្ទុះការគាំទ្រមួយចំនួនទៀតដូចជា៖បទ “Sad ហើយ” “បងមិនមែនជាសាប៊ូកក់សក់” “ស្អប់បងមែនអូន” “មុខអូនដូចអនាគតម៉ាក់កូនបង” និងបទ”អូនគឺ THE BEST” ជាដើម។
ជារឿយៗ ភព (PHUP) តែងតែបង្ហាញវត្តមាននៅក្នុងកម្មវិធីកម្សាន្ដ ឬឆាកតន្ត្រីរបស់ស្ថានីយ៍ទូរទស្សន៍នានា ដោយទទួលបានការគាំទ្រច្រើន ពីសំណាក់មហាជន ជាពិសេសយុវវ័យ។ ជាមួយគ្នានេះ បទចម្រៀងដែលបានបង្ហោះ នៅលើបណ្តាញសង្គមកន្លងមក លោកក៏ធ្លាប់បានសម្ដែងជាមួយសិល្បករ-សិល្បការិនីរៀមច្បងល្បីៗដូច ជា៖ “Sad ហើយ” គឺលោកសម្ដែងជាមួយលោក BIG។ បទ “ជួបគ្នានៅបាត់ដំបង” (Cover) គឺបានសម្ដែងជាមួយលោក ងួន សុបិន និងបទ «កំលោះទាំង៣» (Cover) គឺលោកសម្ដែងជាមួយលោក ងួន សុបិន និង DJ KAKA។ ទន្ទឹមគ្នានេះ ភព បានបង្ហើបតាមរយៈអ្នកសារព័ត៌មានថ្មីៗនេះថា ខ្លួនត្រៀមបទចម្រៀងថ្មីៗ ស្ដាយប្លែកៗជាច្រើនបទ សម្រាប់បំពេរអារម្មណ៍ហ្វេនៗ ជាពិសេសដើម្បីពង្រឹង និងពង្រីកទីផ្សារសិល្បៈរបស់ខ្លួន ឲ្យកាន់តែល្អបន្ថែមទៀត៕