ភ្នំពេញ៖ អនុប្រធានទី២នៃគណៈកម្មាធិការយោធាមជ្ឍឹមបក្សចិន នាយឧត្ដមសេនីយ៍ He Weidong សង្ឃឹម និងជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រទេសកម្ពុជានឹងកាន់តែរីកចម្រើនលើគ្រប់វិស័យ និងទទួលបានការគាំទ្រយ៉ាងធំធេងពីប្រជាជនកម្ពុជាទាំងមូល។ លោកថាបញ្ជាក់ថាប្រទេសចិនគាំទ្រការកាន់អំណាចយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា។
ថ្លែងក្នុងជំនួបជាមួយប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្ដិភាពព្រឹកថ្ងៃច័ន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ នាយឧត្ដមសេនីយ៍ He Weidong បានកោតសរសើរសម្ដេចតេជោ ថាជាថ្នាក់ដឹកនាំដ៏ល្អរបស់ប្រទេសកម្ពុជា ដែលបានដឹកនាំប្រទេសរយៈពេលកន្លងមកមានការរីកចម្រើនលើគ្រប់វិស័យ រក្សាបាននូវស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងលើកកម្ពស់ជីវភាពប្រជាជនប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
លោកបានបង្ហាញការគាំទ្រដល់នាយករដ្ឋមន្ត្រីថ្មីសម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងបានសង្កត់ធ្ងន់ថា ប្រទេសចិនគាំទ្រការកាន់អំណាចយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា ហើយសង្ឃឹមយ៉ាងមុតមាំថាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងសម្ដេចធិបតីជានាយករដ្ឋមន្ត្រី នឹងធ្វើឲ្យប្រទេសកម្ពុជា កាន់តែមានការរីកចម្រើននិងទទួលបានការគាំទ្រពីប្រជាជនកម្ពុជាទូទាំងប្រទេសបន្តទៀត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា តែងប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយ គាំទ្រចិន នឹងតួនាទីរបស់ចិន នៅលើឆាកអន្តរជាតិ ដើម្បីជាផលប្រយោជន៍តំបន់ និងពិភពលោកទាំងមូល។ សម្ដេចតេជោបន្តថា ការរីកចម្រើនរបស់ចិន មិនត្រឹមតែជួយធ្វើឲ្យចិនខ្លួនឯងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការរីកចម្រើនរបស់តំបន់ និងបណ្ដាប្រទេសផ្សេងៗទៀតផងដែរ។
សម្ដេចតេជោបានបញ្ជាក់ដែរថា កម្ពុជានិងចិន ត្រូវតែបន្តពង្រឹងនិងពង្រីកនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញច្រករបៀងឧស្សាហកម្ម បច្ចេកវិទ្យា និងច្រករបៀងអង្ករ និងមច្ឆា ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ទៅថ្ងៃអនាគត ដែលប្រកបដោយគុណភាពខ្ពស់ ស្តង់ដារខ្ពស់ និងកម្រិតខ្ពស់។ សម្ដេចតេជោសង្ឃឹមថាសម្ដេចនឹងមានពេលទៅទស្សនកិច្ច ហើយជួបជាមួយឯកឧត្តម ស៊ី ជិនពីង នៅថ្ងៃអនាគត៕