វៀងច័ន្ទ៖ ប្រធានសភាកម្ពុជាសម្ដេចសភាធិការធិបតី ឃួន សុដារី បានអញ្ជើញធ្វើដំណើរទៅដល់ប្រទេសឡាវកាលពីថ្ងៃសៅរ៍ ទី០២ ខែធ្នូកន្លងទៅ ក្នុងដំណើរទស្សនកិច្ចមួយជុំតំបន់ឥណ្ឌូចិនរបស់សម្ដេចបន្ទាប់ពីឡើងកាន់តួនាទីជាប្រធានសភា។ ឈានជើងចូលដល់ប្រទេសឡាវសម្ដេចសភាធិកាធិបតីបានថ្លែងថាសម្ដេចហាក់បីដូចជាមកលេងផ្ទះបងប្អូន។
កម្ពុជា វៀតណាម ឡាវ ជាប្រទេសស្ថិតក្នុងតំបន់ឥណ្ឌូចិនដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់អាណានិគមបារាំង និងបានតស៊ូប្រយុទ្ធប្រឆាំងជាមួយអាណានិគមនេះរួមគ្នាផងដែរ ហើយក៏បន្តមិត្តភាពនេះរហូតមកដល់បច្ចុប្បន្ន។
បើតាមរដ្ឋសភាកម្ពុជា ដំណើរទស្សនកិច្ចរបស់សម្ដេចសភាធិការធិបតីនៅប្រទេសឡាវលើកនេះក្នុងគោលបំណងដើម្បីបន្តពង្រឹងនិងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរ ឱ្យកាន់តែរីកចំរើនរឹងមាំនិងគ្រប់ជ្រុងជ្រោយថែមទៀត។
សម្ដេចសភាធិកាធិបតី ឃួន សុដារី បានជួបពិភាក្សាការងារជាមួយប្រធានសភានៃប្រទេសឡាវលោក Xaysomphone Phomvihane នៅព្រឹកថ្ងៃទី៣ ខែធ្នូ នៅវិមានសភាឡាវ ក្នុងរដ្ឋធានីវៀងច័ន្ទ ដោយបានចែករំលែកពីព័ត៌មាននយោបាយ សេដ្ឋកិច្ច និងសង្គមក្នុងប្រទេសរៀងខ្លួន ខណៈដែលសភាឡាវបានអបអរពីដំណើរប្រជាធិបតេយ្យនៅកម្ពុជា និងបានបញ្ជាក់ពីគោលដៅនៅឆ្នាំ២០២៤ របស់ខ្លួននូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ផ្លូវដែក និងផ្លូវល្បឿនលឿនជាមួយកម្ពុជាផងដែរ។ ក្នុងនោះលោកក៏ស្នើរដ្ឋសភាកម្ពុជា បន្តជំរុញនិងគំាទ្រដល់ការអនុវត្តកិច្ចព្រមព្រៀង អនុស្សរណៈនានា ដែលប្រទេសទំាងពីរបានចុះហត្ថលេខានាពេលកន្លងមក អនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនិងកាន់តែប្រសិទ្ធភាពខ្ពស់ឡើង រួមទាំងបានអរគុណរដ្ឋសភាកម្ពុជា ដែលបានផ្តល់អាហារូបករណ៍ដល់មន្រ្តីរដ្ឋសភាឡាវ ព្រមទំាងការបណ្តុះបណ្តាលជំនាញនានាលើការងារសភា។
ក្រៅពីជំនួបរវាងប្រធានសភាកម្ពុជា-ឡាវ ក៏មានជំនួបរវាងថ្នាក់ដឹកនាំសភាកម្ពុជា និងឡាវដែលរួមមានកិច្ចប្រជុំរវាងគណៈកម្មការកិច្ចការបរទេសរដ្ឋសភាកម្ពុជា-ឡាវ កិច្ចប្រជុំក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ និងជំនួបពិភាក្សាការងាររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា-ឡាវផងដែរ។
នៅរសៀលថ្ងៃដដែលសម្ដេចសភាធិការធិបតី ឃួន សុដារី បានជួបនិស្សិតខ្មែរនៅប្រទេសឡាវ និងបានលើកទឹកចិត្តពូកគេឱ្យខិតខំសិក្សារៀនសូត្រ ប្រកាន់ខ្ជាប់នូវសីលធម៌ ចូលរួមចំណែកកសាងពង្រឹងចំណងមិត្តភាពជាមួយប្រជាជនឡាវ។
តាមរបាយការណ៍របស់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវលោក ហ៊ុលក្រង ផាណង និស្សិតកម្ពុជាកំពុងសិក្សានៅឡាវមានចំនួន ៦៧នាក់ ក្នុងនោះ ៣០នាក់ជាស្រ្តី។ សិក្ខាកាមយោធាផ្លាស់ប្តូរមានចំនួន ២៥នាក់ ៤នាក់ជាស្រ្តី ចំណែកសិក្ខាកាមនគរបាលមានចំនួន ៤នាក់ ម្នាក់ជាស្រ្តី។ និស្សិតកម្ពុជា សិក្សានៅប្រទេសឡាវ សិក្សាលើជំនាញជាច្រើន ដូចជាអក្សរ សាស្រ្តឡាវ កុំព្យូទ័រ ស្ថាបត្យកម្ម ភាសាអង់គ្លេសជាដើម។
ក្រៅពីនោះសម្ដេចប្រធានរដ្ឋសភាបានអញ្ជើញទៅទស្សនាសារមន្ទីរសិល្បៈសហសម័យនិងតម្បាញ ក្នុងរដ្ឋធានីវៀងចន្ទន៍ ដោយបានលើកឡើងថាសារមន្ទីរនេះ មិនត្រឹមបង្ហាញពីការបន្តថែរក្សា និងលើកកម្ពស់ការងារស្រ្តីនោះទេ តែបានលើកកម្ពស់មរតកការងារ និងតម្លៃស្រ្តី និងជាការចូលរួមចំណែក រកប្រាក់ចំណូលដល់សេដ្ឋកិច្ចសង្គម និងគ្រួសាររបស់ប្រជាជន មិត្តឡាវ តាមរយៈវិស័យទេសចរណ៍ ទៀតផង។
គួរឱ្យដឹងផងដែរថាដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានរដ្ឋសភាកម្ពុជានៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នេះមានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២ ខែធ្នូ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ក្រោយពីនោះសម្ដេចនឹងបន្តចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ ដែលមានរដ្ឋសភាឡាវ ធ្វើជាម្ចាស់ ផ្ទះ ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បន្តទៀត៕