ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ពិធីបុណ្យសមុទ្ររយៈពេល ៣ថ្ងៃបានបញ្ចប់ទៅដោយភាពល្អប្រសើរ ខណៈមានភ្ញៀវមកលេងកម្សាន្តរហូតជិត ២៧ម៉ឺននាក់

កែប៖ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យសមុទ្រនៅខេត្តកែបមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង ២៧ម៉ឺននាក់ ដែលនេះជាលទ្ធផលល្អប្រសើរ ក្នុងនោះមិនមានឧបទ្ទវហេតុណាមួយកើតឡើងនោះទេ។ នេះបើតាមការលើកឡើងរបស់អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ ផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន។

ពិធីបុណ្យសមុទ្រនៅខេត្តកែបមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ ២៦៨ ១៦០នាក់ ដែលបានមកសម្រាកកម្សាន្ត ក្នុងពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែប ដោយគិតពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៣។

លោក សោម ពិសិដ្ឋ បានឱ្យដឹងថា ដំណើរការប្រព្រឹត្តិទៅទាំងស្រុងនៃពិធីបុណ្យសមុទ្រនៅខេត្តកែប បានបិទបញ្ចប់ទៅដោយភាពសប្បាយរីករាយ និងមានភាពជោគជ័យ ជាមួយការកោតសរសើរវាយតម្លៃខ្ពស់ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាមហាជនផងដែរ។

លោកបានឱ្យដឹងទៀតថា អ្វីដែលកាន់តែប្រសើរថែមទៀតនោះគឺរយៈពេល ៣ថ្ងៃនេះ មិនមានភាពអវិជ្ជមានដែលកើតឡើងធ្វើអោយប៉ះពាល់ដល់ទ្រព្យសម្បតិ្តអាយុជីវិត ប្រជាពលរដ្ឋ ដោយប្រការណាមួយនោះឡើយ ដែលនេះក៏ដោយសារការខិតខំរបស់កងកម្លាំង ក៏ដូចជាមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់។

ទន្ទឹមនេះ លោកបានបន្ថែមថា ស្ថានភាពដើរលេងកម្សាន្ត ក៏មិនមានបញ្ហានៃការកកស្ទះខ្លាំងណាស់ណានោះដែរ ដោយសារឆ្នាំនេះ មានរៀបចំទីតាំងព្រឹត្តិការណ៍បានធំជាងមុន និងច្រើនកន្លែងជាងមុន ខណៈហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា បានកសាងបានល្អប្រសើរ។

គួរឱ្យដឹងដែរថា សម្តេចធិបតី បានលើកឡើងក្នុងពិធីបិទបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែប នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នេះថា រាជរដ្ឋាភិបាលបានប្រារព្ធពិធីបុណ្យសមុទ្រ ដែលមិនត្រឹមតែរួមចំណែកដល់ការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមដល់ការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន។

សម្តេចធិបតី គូសបញ្ជាក់ថា៖ «ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជានេះទៀតសោត មិនមែនធ្វើឡើងសម្រាប់តែពេលបច្ចុប្បន្ននោះទេ ប៉ុន្តែយើងត្រូវគិតគូរឱ្យបានវែងឆ្ងាយទៅដល់អនាគត ដោយត្រូវមានផែនការច្បាស់លាស់ និងការគ្រប់គ្រងឱ្យបានម៉ត់ចត់»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក