ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់វិស័យពិការភាពកម្ពុជា ខណៈគ្រប់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងពិធីអបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ថា រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់វិស័យពិការភាព ការផ្តល់អំណាច និងការគាំទ្រដល់ជនមានពិការភាពដែលជាគុណតម្លៃដ៏វិសេសវិសាល សម្រាប់ការអភិវឌ្ឍសង្គម ជាតិទាំងមូល ពិសេសក្នុងបរិការណ៍នៃការស្តារសេដ្ឋកិច្ចក្នុងប្រទេសឡើងវិញប្រកបដោយចីរភាព បរិយាបន្ទ និងភាពរឹងមាំក្រោយវិបត្តិនៃជំងឺកូវិ៥-១៩។

សម្តេចធិបតី បានគូបបញ្ជាក់ថា រាជរដ្ឋាភិបាល បានខិតខំកែលម្អជីវភាពរស់នៅធានាដល់ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព តាមរយៈការលើកកម្ពស់អាជីពមុខរបរសមរម្យ ការងារ និងការផ្តល់ប្រាក់របបគោលនយោបាយផ្សេងៗ។ ក្រៅពីនេះសប្បុរសជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានាក៏បានចូលរួមចំណែកទាំងធនធានថវិកា ធនធានមនុស្ស ដើម្បីឧត្តមប្រយោជន៍សម្រាប់ជនមានពិការភាពកម្ពុជា។

ដើម្បីចូលរួមអបអរសាទរទិវាជនមានពិការភាពកម្ពុជា និងអន្តរជាតិឆ្នាំនេះ សម្តេចធិបតី បានផ្តល់អនុសាសន៍មួយចំនួន ត្រូវបង្កើនការធ្វើវិនិយោគទុនលើជនមានពិការភាព និងបន្តកសាងធនធានជនមានពិការភាពបន្ថែមទៀត រាប់ទាំងការគិតគួរកម្មវិធីសិក្សា ប្រកបដោយនវានុវត្តន៍និងរស់រវើក ដើម្បីធានាថាជនមានពិការភាពអាចរស់នៅ ក្នុងសង្គមកម្ពុជាដោយសមធម៌ មានឱកាសប្រកួតប្រជែងទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក។

គ្រប់ក្រសួង-ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ និងវិស័យ ឯកជនជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិជនពិការ ក្នុងការបន្តពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីការកសាងសមត្ថភាព និងការអភិវឌ្ឍ ធនធានមនុស្សស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តល់អាទិភាពលើការ បណ្តុះបណ្តាល ជំនាញ រក្សាបាននូវទេពកោសល្យ ការច្នៃប្រឌិតរបស់ជនមានពិការភាពដែលជាធនធានមួយ ដ៏សំខាន់មិនអាចខ្វះបានស្របតាមទិសស្លោក «មិនទុកឱ្យនរណាម្នាក់នៅដាច់ដោយឡែក»។

គ្រប់ក្រសួង-ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធនិងវិស័យឯកជន ត្រូវចាប់ផ្តើមកែសម្រួលឬរៀបចំផាសុកវត្ថុ សម្រាប់ជនមានពិការភាព នៅទីកន្លែងសាធារណៈនិងឯកជននានា ស្របតាមច្បាប់ស្តីពីកិច្ចលើកកម្ពស់សិទ្ធិ ជនពិការនិងបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។

គ្រប់ក្រសួង-ស្ថាប័នរដ្ឋ និងវិស័យឯកជន ត្រូវលើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណសម្បត្តិ និងសមត្ថភាពឱ្យបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែង មានសិទ្ធិចូលបម្រើការងារដោយគ្មានការ រើសអើង រាប់ទាំងការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។

ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថាន ទាំងអស់ អនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ចជ្រើសរើសជនមានពិការភាព ឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារដូចអ្នកដទៃ ដែលមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់ សិទ្ធិជនពិការ។

បន្ថែមពីនេះសម្តេចធិបតី បានណែនាំឱ្យក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុនិងទូរទស្សន៍របស់រដ្ឋនិងឯកជន ព្រមទាំង គ្រប់ប្រព័ន្ធសារព័ត៌មាន បង្កើនម៉ោងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយមានការបកប្រែភាសាសញ្ញា អក្សររត់ ដើម្បីមនុស្សគថ្លង់អាចទទួលព័ត៌មានបានទាន់ពេលវេលា។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីបានប្រាប់ឱ្យក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសុខាភិបាល ត្រូវរួមគ្នាធ្វើកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាពឱ្យ ទទួលបានបណ្ណបើកបរស្របតាមលទ្ធភាព សមត្ថភាព និងលក្ខណៈបច្ចេកទេសយានយន្ត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក