ហាណូយ៖ ប្រធានសភាកម្ពុជាបានប្រកាសគាំទ្រការដាក់បញ្ចូលក្នុងកញ្ចប់ទេសចរណ៍តែមួយនូវគោលដៅទេសចរណ៍៣ប្រទេសរួមគ្នា កម្ពុជា វៀតណាម ឡាវ។ ការប្រកាសគាំទ្រគឺក្នុងពេលដែលសម្ដេចសភាធិការធិបតីអញ្ជើញធ្វើទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋ សង្គមនិយមវៀតណាម នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ។
ក្នុងដំណើរទស្សនកិច្ចថ្ងៃទី២នេះសម្ដេចសភាធិការធិបតី ឃួន សុដារី បានជួបជាមួយប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក វឿង ឌិញហ្វេ នៅវិមានរដ្ឋសភាវៀតណាម នាទីក្រុងហាណូយ។
ក្នុងជំនួបនោះភាគីទាំងពីរបានរម្លឹកពីប្រវត្តិសាស្ត្រនេះទំនាក់ទំនង និងការរួមអាវុធក្នុងការបញ្ចប់សង្គ្រាមនាំមកនូវសន្ដិភាពដល់ប្រទេសទាំងពីររៀងខ្លួន រួមទាំងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីមកដល់បច្ចុប្បន្ន។
លោក វឿង ឌិញហ្វេ បានគូសបញ្ជាក់ថាថ្នាក់ដឹកនាំនិងសមាជិកសមាជិការដ្ឋសភាវៀតណាមនឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត ខណៈសម្ដេចរដ្ឋសភាធិបតី បានអបអរសាទរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសវៀតណាម នឹងបានគំាទ្រការលើកឡើងរបស់ភាគីវៀតណាមពីសារៈសំខាន់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្នារវាងប្រទេសជិតខាងភូមិផងរបងជាប់គ្នាដោយថា «មានសារសំខាន់នៅក្នុងស្ថានការណ៍ ពិភពលោកមានភាពស្មុគស្មាញនិងហានិភ័យខ្ពស់»។
សម្ដេចរដ្ឋសភាធិការធិបតីបានលើកឡើងថា៖ «ឈរលើចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជានិរន្ត នេះហើយទើបរដ្ឋសភាកម្ពុជាបានជ្រើសរើសដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាមនិងឡាវ ជាដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពដំបូងគេបង្អស់នៅដើមរដ្ឋសភានីតិកាលទី៧នេះ»។
សម្តេចរដ្ឋសភាធិបតី ក៏បានសម្តែងការពេញចិត្តជាខ្លំាងនៃការរីកចម្រើន លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យរបស់ រដ្ឋាភិបាលប្រទេសទំាងពីរ ជាពិសេសកំណើនពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ដែលសម្រេចដល់១០ពាន់លានដុល្លារក្នុងមួយឆ្នាំ ជាចំនុចវិជ្ជមានមួយ បានបម្រើផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទំាងពីរ។ រដ្ឋសភាកម្ពុជាគំាទ្រនូវការដាក់ចេញគោលនយោបាយទេសចរណ៍របស់ប្រទេសកម្ពុជា វៀតណាមនិងឡាវ គឺកញ្ចប់ទេសចរណ៍មួយគោលដៅបី។
ភាគីទាំងពីរបានប្តេជ្ញារួមគ្នានៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ ទំាងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ដូចជាបន្តនិងពង្រីកការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ក្រុមមិត្តភាព សមាជិកសភាស្រ្តី និងសមាជិកសភាវ័យក្មេង។ លើកកម្ពស់ជំរុញដល់កិច្ចសហប្រតិបត្តិការរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរ និងជំរុញដល់ការអនុវត្តឱ្យមានប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀង ដែលប្រទេសទំាងពីរបានធ្វើកន្លងមក ដូចជាការកសាងបន្ទាត់ព្រំដែនទៅជាបន្ទាត់ព្រំដែនសន្តិភាពនិងអភិវឌ្ឍន៍ ការរុករកនិងបញ្ជូនឥដ្ឋិធាតុយុទ្ធពលីវៀតណាមនៅកម្ពុជា ការបង្កើតកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខអ៊ីនធឺណែត ជាដើម៕