សិល្បការិនីខ្មែរ ឡូរ៉ា ម៉ម បង្ហាញមោទនភាពក្រោយផលិតកម្មបារមី ចុះកិច្ចព្រមព្រៀងជាមួយ Warner Music
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែសីហានេះ នៅលើទំព័រហ្វេសប៊ុករបស់សិល្បការិនីខ្មែរ ឡូរ៉ា ម៉ម បានបង្ហោះសារមួយដែលបានរៀបរាប់ប្រកបដោយមោទនភាព ជុំវិញភាពជាដៃគូរវាងផលិតកម្មបារមី ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កញ្ញាផ្ទាល់ បានចុះកិច្ចព្រមព្រៀងជាដៃគូជាមួយផលិតកម្មតន្ត្រីលំដាប់ពិភពលោក Warner Music។
កញ្ញា ឡូរ៉ា ម៉ម បានរៀបរាប់ថា ថ្ងៃនេះ ក្តីសុបិន្តបានក្លាយជាការពិត។ ឡូរ៉ាបានរៀបរាប់បន្តទៀតថា កាលពីប៉ុន្មានឆ្នាំមុន នៅក្នុង TedTalk កញ្ញាបានរៀបរាប់អំពីសក្តានុពលតន្ត្រីខ្មែរ ដែលខ្លួនធ្លាប់បានជឿជាក់ថា ជិតឈានចូលយុគសម័យមាសថ្មី នៃតន្ត្រីនៅក្នុងជំនាន់នេះ។ ក្នុងពេលនោះ ទស្សនិកជនបានទះដៃអបអរសាទរ ដោយស្ទាក់ស្ទើរ។ រឿងចែដន្យមួយ ដែលមិនគួរអោយជឿសោះ ដោយនៅពេលនោះ មានសិល្បករវ័យក្មេងម្នាក់ ឈ្មោះវណ្ណដា ក៏បានសម្តែងបទចម្រៀងហ៊ីបហបថ្មី រួមជាមួយក្រុមរាំឈ្មោះ Polarix នៅ TedTalk Event នោះដែរ។ ពេលសំដែងចប់ វណ្ណដា Polarix ក៏បានមកជួបកញ្ញា សំដែងការគួរសម ហើយបាននិយាយសើចលេង ពីក្តីសុបិន្តទាំងអស់គ្នា។ សិល្បការិនីដែលមានឈ្មោះពេញថា ឡូរ៉ា ទេវរី ម៉ម ក៏បានលើកឡើងបន្ថែមថា នាពេលនោះម្តាយរបស់នាង គឺលោកស្រី ប៊ុត ធីតាក៏បាននៅក្នុងហ្វូងមនុស្សនៅទីនោះដែរ និងបានផ្តល់ឱ្យនូវស្មារតី គាំទ្រ និង លើកទឹកចិត្តឱ្យមានការជឿជាក់លើក្តីសុបិន្តរបស់ខ្លួនផងដែរ។
បើតាម Status របស់កញ្ញា ឡូរ៉ា ក៏បានបញ្ជាក់ថា ផលិតកម្មបារមី នឹងក្លាយជាក្រុមហ៊ុនតន្ត្រីដំបូងបង្អស់របស់កម្ពុជា ដែលនឹងចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Warner Music ដែលជាផលិតកម្មតន្រ្តីធំមួយក្នុងចំណោមឧស្សាហកម្មតន្រ្តីធំៗទាំង ៣ លើពិភពលោករួមមាន Warner Music, Universal និង Sony។
គួរបញ្ជាក់ថា ផលិតកម្មបារមី គឺជាផលិតកម្មតន្រ្តីមួយនៅកម្ពុជា ដែលមានសិល្បករល្បីៗដូចជា Lឡូរ៉ា ម៉ម, វណ្ណដា, ក្មេងខ្មែរ, Sophia , OUN និងក្រុមចម្រៀងដូចជា POLARIX និង La Cima Cartel ជាដើម៕