សៀមរាប៖ អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធី «រំលឹកគុណអង្គរ» ចាប់ពីថ្ងៃទី០៧-១៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងរមណីយដ្ឋានអង្គរ។ ពិធីបើកព្រឹត្តការណ៍នេះនឹងប្រព្រឹត្តទៅនាពេលព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ស្ត្រីទី១ នៃកម្ពុជា គឺលោកស្រី ពេជ ចន្ទមុនី ហ៊ុនម៉ាណែត។
ឆ្នាំនេះជាឆ្នាំទី៣ហើយដែលប្រារព្ធពិធី «រំលឹកគុណអង្គរ» ក្នុងគោលបំណងដើម្បីចូលរួមអបអរសារទរខួប៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ ម្យ៉ាងទៀត ដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ។
ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន និងជោគជ័យ អាជ្ញាធរជាតិអប្សរានឹងបិទការចូលទស្សនា ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី០៦-០៧ ខែធ្នូ ឆ្នាំ២០២៣។ ដោយឡែក ភ្ញៀវទេសចរជាតិ- អន្តរជាតិ អាចចេញចូលទស្សនាប្រាសាទអង្គរវត្ត ដោយប្រើប្រាស់ស្ពានបណ្តែតទឹកបណ្តោះអាសន្ន៕