សៀមរាប៖ ជំនួយថវិកា ៤៥ម៉ឺនដុល្លាររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ក្រោមគម្រោងកម្មវិធី ឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) បានផ្តល់ឱ្យអង្គការមូលនិធិប្រាសាទពិភពលោក (WMF) បន្តអភិរក្សប្រាសាទភ្នំបាខែងដែលស្ថិតក្នុងតំបន់ឧទ្យានអង្គរ ខេត្តសៀមរាប។
នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា W. Patrick Murphy និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខា ផ្តល់ជំនួយនេះ។
គិតចាប់តាំងពីឆ្នាំ២០០៤មក កម្មវិធី AFCP បានផ្តល់ជំនួយថវិកាចំនួន៨ដងមកអង្គការមូលនិធិប្រាសាទពិភពលោក WMF សម្រាប់ការងារបន្តការអភិរក្សនៅប្រាសាទភ្នំបាខែង ដែលមានសរុបចំនួន ៤លានដុល្លារអាមេរិក។
លោកឯកអគ្គរដ្ឋទូតអាមេរិក Murphy បានលើកឡើងថា លោករីករាយក្នុងការប្រកាសនូវជំនួយជាថវិកានេះ ដែលនេះជាជំនួយដ៏ធំជាងគេរបស់កម្មវិធី AFCP ផ្តល់ជូនតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងឆ្នាំនេះ។ លោកថ្លែងថា៖«សហរដ្ឋអាមេរិកមានមោទកភាពចំពោះកិច្ចសហប្រតិបត្តិការជាយូរអង្វែងលើផ្នែកវប្បធម៌ជាមួយព្រះរាជាណាចក្រកម្ពុជា។ ប្រាសាទភ្នំបាខែង ជាគោលដៅដ៏ធំជាងគេបង្អស់មួយនៅក្នុងប្រទេសកម្ពុជា ដែលគេអាចមើលថ្ងៃលិចនៅតំបន់អង្គរដ៏អស្ចារ្យ»។
ក្នុងរយៈពេល ២០ឆ្នាំមកនេះ សហរដ្ឋអាមេរិកបានជួយឧបត្ថម្ភគាំទ្រនូវគម្រោងនានាជាច្រើននៃប្រាសាទនេះ ដោយរួមមានការជួសជុលគ្រឹះប្រាសាទ ការអភិរក្សថ្មប្រាសាទ ការតបណ្តាញការពារជម្រាបទឹក និងការផ្គុំឡើងវិញនូវជញ្ជាំង និងទីលាននៃប្រាសាទ។ ការផ្តល់នូវថវិកាជាបន្តបន្ទាប់នេះក៏បានជួយដល់អង្គការ WMF ផ្តល់ការងារដល់ប្រជាជនក្នុងមូលដ្ឋាន ដើម្បីឱ្យពួកគេបានចូលរួមចំណែកក្នុងការងារអភិរក្សប្រាសាទនេះ។
មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ត្រូវបានបង្កើតឡើងដើម្បីជួយដល់អភិរក្សនូវតំបន់បេតិកភណ្ឌវប្បធម៌សំខាន់ៗជុំវិញពិភពលោក។ ក្រោមគម្រោងជំនួយនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្តល់ថវិកា៦លានដុល្លារអាមេរិកតាំងពីឆ្នាំ២០០១មក ដើម្បីជួយអភិរក្សបេតិកភណ្ឌវប្បធម៌សំខាន់ៗផ្សេងទៀត ដោយរួមទាំងប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្នុងចំណោមតំបន់សំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជា៕