
ឧត្ដមសេនីយ៍ឯក ឯក សំអូន អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងទិសទី១ ចំនួន៧គោលដៅនិងបានយកអំណោយសម្ភារៈប្រគល់ជូនដល់កងកម្លាំង
បន្ទាយមានជ័យ: នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ឯក ឯក សំអូន អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការយោធភូមិភាគទី៥ និងលោកឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញចុះសាកសួរសុខទុក្ខ និងយកអំណោយសប្បុរសជន ក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យចែកជូនកងកម្លាំងទិសទី១ ចំនួន០៧អង្គភាព ដែលកំពុងឈរជើងតាមព្រំដែន។
នាឱកាសនោះលោកឧត្ដមសេនីយ៍ឯក ឯក សំអូន បានដាក់បទបញ្ជាដល់កងកម្លាំងដែលនៅតាមបន្ទាត់ព្រំដែន ត្រូវទប់ស្កាត់ឲ្យបាននូវការលួចចូលមកកម្ពុជាតាមច្រករបៀង គេចវេសពីការត្រួតពិនិត្យ និងធ្វើចត្តាឡីស័កដែលចំនុចនេះកងកម្លាំងត្រូវយកចិត្តទុកដាក់ឲ្យបាមខ្ពស់ក្នុងការរឹតបន្តឹងនៅតាមបន្ទាត់ព្រំដែនពិសេសត្រូវមានការចុះល្បាត់ឲ្យបានជាប់ជាប្រចាំនៅតាមគោលដៅរបស់ខ្លួន។ ជាមួយនោះលោកឧត្ដមសេនីយ៍ឯក ក៏បានណែនាំបន្ថែមដល់កងកម្លាំង ក្រៅពីការងារស្នូលត្រូវចូលរួមថែរក្សាសុខភាពខ្លួនឯងឲ្យបានខ្ជាប់ខ្ជួនដោយត្រូវប្រកាន់ភ្ជាប់នូវវិធានការអនាម័យកុំឲ្យមានការឆ្លងពីវីរុសកូវីដ-១៩ ពិសេសវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល "៣ការពារ ៣កុំ " ឲ្យបានគ្រប់ពេលវេលា។
អំណោយដែលបានយកទៅប្រគល់ជូនកងកម្លាំងទិសទី១ ចំនួន០៧អង្គភាពចំណុះមានដូចជា៖
១, ទីបញ្ជាការទិសទី១ទទួលបានអំណោយ មីចំនួន០៦កេសធំ ត្រីខចំនួន១៥កេស ទឹកសុទ្ធ៤០យួរ ឧបករណ៍សម្រាប់ធ្វើតេស្តរហ័សដើម្បីរកមេរោគកូវីដ-១៩ ចំនួន១០០តេស្ត។
២, កងពលតូចថ្មើជើងលេខ៥១ ទទួលបានអំណោយ មីចំនួន២០កេសធំ ត្រីខ២៥កេស ទឹកសុទ្ធ៣០០យួរ និងឧបករណ៍សម្រាប់ធ្វើតេស្តចំនួន១០០តេស្ត ។
៣, តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យទទួលបានអំណោយ មី១៥កេសធំ ត្រីខ២០កេស ទឹកសុទ្ធចំនួន២០០យួរ និងឧបករណ៍សម្រាប់ធ្វើតេស្តចំនួន១០០។
៤, កងការពារព្រំដែនលេខ៥០៣ ទទួលបានអំណោយ មីចំនួន១០កេសធំ ត្រីខ១៥កេស ទឹកសុទ្ធចំនួន២០០យួរ ឧបករណ៍តេស្តចំនួន៥០តេស្ត ។
៥, តំបន់អភិវឌ្ឍន៍ភ្នំឆ័ត្រទទួលបានអំណោយ មីចំនួន០៥កេសធំ ត្រីខចំនួន០៨កេស ទឹកសុទ្ធ ១០០យួរ។
៦, ក្រុមការងារទំនាក់ទំនងបឹងត្រកួនទទួលបានអំណោយ មីចំនួន០២កេសធំ ត្រីខ០៣កេស ទឹកសុទ្ធចំនួន៣០យួរ ឧបករណ៍សម្រាប់ធ្វើតេស្តចំនួន២០តេស្ត។
៧, ក្រុមការងារទំនាក់ទំនងម៉ាឡៃទទួលបានអំណោយ មីចំនួន០២កេសធំ ត្រីខ០៣កេស ទឹកសុទ្ធចំនួន៣០យួរ ឧបករណ៍សម្រាប់ធ្វើតេស្តចំនួន២០តេស្ត៕