ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

កម្ពុជាទទួលបានពានរង្វាន់លើកកម្ពស់សមភាពយេនឌ័រឆ្នាំ២០២៣

ភ្នំពេញ៖ ពានរង្វាន់លើកកម្ពស់សមភាពយេនឌ័រ (GEM Award) ឆ្នាំ២០២៣ ត្រូវបានប្រគល់ជូនក្រុមការងារគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) នៅប្រទេសកម្ពុជា ក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងវីយែន ប្រទេសអូទ្រីស។

សេចក្តីប្រកាសព័ត៌មានស្តីពី គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ទទួលបានពានរង្វាន់លើកកម្ពស់សមពភាពយេនឌ័រឆ្នាំ២០២៣ បានឱ្យដឹងថា ពានរង្វាន់នេះឆ្លុះបញ្ចាំងអំពីការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់គម្រោងក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅក្នុងវិស័យជលផលនៅកម្ពុជា។

វិស័យជលផលនៅកម្ពុជាមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច និងសន្តិសុខស្បៀង ដោយប្រជាជនប្រមាណ ៤០% ពឹងផ្អែកដោយផ្ទាល់សម្រាប់ការចិញ្ចឹមជីវិត និងផ្គត់ផ្គង់ជីវភាព។ ភាគច្រើនជាស្ត្រី ដែលដើរតួនាទីនាំមុខ និងជាម្ចាស់សហគ្រាសកែច្នៃផល ផលិតផលជលផលខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ជាអ្នកទទួលបន្ទុកដោយផ្ទាល់ក្នុងការកែច្នៃ ការងារទីផ្សារ លក់រាយ និងចែកជាយផលិតផលជលផលទាំងនេះនៅទូទាំងប្រទេសតែម្តង។

សេចក្តីប្រកាសព័ត៌មានឱ្យដឹងថា វិសមភាពយេនឌ័រ ជាកត្តារាំងស្ទះសម្រាប់ស្ត្រីក្នុងការទទួលបានឱកាសអភិវឌ្ឍ និងពង្រឹងជំនាញ ដែលជាកត្តាជាសារវ័ន្តដល់ការចូលរួមផ្នែកសេដ្ឋកិច្ច និងសង្គមរបស់ខ្លួន។ ការបង្កើតឱកាសឱ្យស្ត្រីអាចអភិវឌ្ឍជំនាញ និងដោះស្រាយបញ្ហាប្រឈមដូចបានរៀបរាប់ខាងលើ នឹងផ្តល់ភាពអង់អាចដល់ស្ត្រីឲ្យទទួលបានតួនាទីជាអ្នកដឹកនាំ និងជំរុញបរិយាកាសប្រកបដោយសមធម៌ និងបរិយាប័ន្ននៅក្នុងខ្សែចង្វាក់តម្លៃទាំងមូល។

លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំប្រទេសកម្ពុជា បានសាទរចំពោះគម្រោង CAPFISH-Capture ដែលទទួលបានពានរង្វាន់ GEM Award ។ លោកបានទទួលស្គាល់ថា «អភិក្រមសមភាពយេនឌ័ររបស់គម្រោង ពិតជាបានបង្កើតនូវបរិយាកាសប្រកបដោយបរិយាប័ន្ន ដែលមនុស្សគ្រប់គ្នាអាចរីកចម្រើន ដោយទុកនរណាម្នាក់ចោលឡើយ»។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល (FiA) លោក ពុំ ស៊ីថា បានលើកឡើងថា ថាគម្រោង CAPFISH-Capture ដែលសហការអនុវត្តដោយ FiA និង UNIDO បានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ ទ្រទ្រង់ដល់ផលជះជាវិជ្ជមាននៃសមភាពយេនឌ័រ និងភាពអង់អាចរបស់ស្ត្រីក្នុងវិស័យជលផលក្រោយប្រមូលផល ស្របតាមគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ របស់ក្រសួងកសិកម្ម រុក្ខាប្រមាណញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង FiA។

គួរឱ្យដឹងដែរថា គម្រោង CAPFISH-Capture គាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) មានគោលដៅរួមចំណែកអភិវឌ្ឍវិស័យជលផលក្រោយប្រមូលផល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវក្របខណ្ឌគតិយុត្ត និងសមត្ថភាពស្ថាប័ន និងជម្រុញវិស័យឯកជនឱ្យទទួលយក និងអនុវត្តនវានុវត្តន៍ និងការអនុវត្តល្អប្រសើរពាក់ព័ន្ធ។ ដោយពិនិត្យលើតួនាទីដ៏លេចធ្លោរបស់ស្ត្រីក្នុងវិស័យជលផលក្រោយប្រមូលផល និងវិសមភាពយេនឌ័រដែលជាកត្តារាំងស្ទះពុំអាចឱ្យស្ត្រីបំពេញការងារឱ្យអស់សក្តានុពលបាន គម្រោងបានដាក់បញ្ចូលនូវវិធីសាស្ត្រគ្រប់គ្រងដែលគិតគូរពីយេនឌ័រនៅក្នុងកិច្ចអន្តរាគមន៍របស់ខ្លួន តាមរយៈការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រីនៅក្នុងវដ្តគម្រោងទាំងមូល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក