យុវជនជាប់និទ្ទេស A ដែលមានជីវភាពខ្វះខាតដោយឪពុកម្តាយមានពិការភាព ទទួលបានម៉ូតូ និងថវិកាពីរដ្ឋមន្ត្រីមហាផ្ទៃ
កំពត៖ យុវជន «អន ផានិត» រស់នៅជាមួយឪពុកម្តាយមានពិការភាពក្នុងភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៣ បានទទួលអំណោយម៉ូតូមួយគ្រឿង ថវិកា ២លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។
អំណោយទាំងនេះ ជាអំណោយរបស់ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងភរិយាឧបត្ថម្ភជូនដល់យុវជនរូបនោះដើម្បីជាការលើកទឹកចិត្តដែលបានខិតខំរៀនសូត្ររហូតដល់ទទួលបាននិទ្ទេស A ទោះបីស្ថិតក្នុងគ្រួសារក្រីក្រដោយមានឪពុកជាជនពិការគ្រុនស្វិតដៃជើង។
ស្នងការដ្ឋាននគរបាលខេត្តកំពត បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖ «ព្រឹកថ្ងៃទី 29.11.23 ខ្ញុំរួមនិងសហការី លោកអ៊ុប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុកអង្គរជ័យ បាននាំយកអំណោយរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ប្រគល់ជូនក្មួយប្រុសប្រឡងបាក់ឌុប ជាប់និទ្ទេស A ដែលមានជីវភាពខ្វះខាតនិងឪពុកម្តាយពិការនៅភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ដែលមានម៉ូតូមួយគ្រឿង ថវិការ ២លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត»។
បើតាមប្រភពដដែល ស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នឹងបន្តនាំយកអំណោយរបស់អភិសន្តិបណ្ឌិត ស សុខា ប្រគល់ឱ្យសិស្សជាប់និទ្ទេស A ម្នាក់ទៀតដែលមានជីវភាពខ្វះខាតរស់នៅក្នុងស្រុកអង្គរជ័យ ដែលសិក្សានៅវិទ្យាល័យសម្តេច ជា ស៊ីម អង្គរជ័យ។
ការប្រឡងបាក់ឌុបនៅឆ្នាំ២០២៣នេះ មានសិស្សប្រឡងជាប់សរុបចំនួន ៩៨ ៤៦០នាក់ ស្មើនឹង ៧២,៨៩ភាគរយ។ ក្នុងនោះមានសិស្សបាននិទ្ទេស A ចំនួន ១ ៦៧៣នាក់ និទ្ទេស B ៦ ៩៦៤នាក់ និទ្ទេស C ១៨ ៣០៨នាក់ និទ្ទេស D ៣៤ ២៤៦នាក់ និងនិទ្ទេស E ៣៧ ២៦៩នាក់៕