ក្រសួងមហាផ្ទៃត្រៀមដាក់ឱ្យដំណើរការប្រព័ន្ធ Cambodia e-Arrival ក្នុងទម្រង់អេឡិចត្រូនិចនៅព្រលានយន្តហោះភ្នំពេញ និងព្រះសីហនុ
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ត្រៀមដាក់ឱ្យដំណើរការប្រព័ន្ធ Cambodia e-Arrival នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិចំនួនពីរ ពោលអាកាសយានដ្ឋានខេត្តព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីក្រសួងមហាផ្ទៃ។
ប្រព័ន្ធ Cambodia e-Arrival នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលជូនអ្នកដំណើរគ្រប់រូប ដែលចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា ទទួលបានភាពងាយស្រួលក្នុងការបំពេញបែបបទទុកជាមុន ក្នុងទម្រង់អេឡិចត្រូនិចរួមគ្នាតែមួយដង។
បែបបទទាំងនោះមានដូចជា ព័ត៌មានសម្រាប់ស្នើសុំទិដ្ឋាការនៅពេលមកដល់ (Visa on Arrival) សលាកបត្រអន្តោប្រវេសន៍ ការប្រកាសព័ត៌មានគយ និងសុខាភិបាល ជាដើម។ ការត្រៀមដាក់ឱ្យដំណើរការប្រព័ន្ធ Cambodia e-Arrival គឺជាគំនិតផ្តួចផ្តើមពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងដាក់ឱ្យដំណើរការប្រព័ន្ធ Cambodia e-Arrival នៅតាមអាកាសយានដ្ឋានអន្តរជាតិនឹងត្រូវធ្វើឱ្យចប់នៅចុងឆ្នាំ២០២៣ ហើយត្រូវអនុវត្តនៅឆ្នាំ២០២៤៕