ប្រធានសភានឹងដឹកនាំគណប្រតិភូធ្វើដំណើរទស្សនកិច្ចក្រៅប្រទេសផ្លូវការលើកដំបូងទៅកាន់ប្រទេសឡាវ និងប្រទេសវៀតណាម
ភ្នំពេញ៖ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចប្រធានរដ្ឋសភានាប្រទេសវៀតណាម និងប្រទេសឡាវនេះ គឺតបតាមការអញ្ជើញរបស់ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ទន្ទឹមនេះ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសជិតខាងរបស់ សម្តេចរដ្ឋសភាធិបតី នាពេលនេះ ជាដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពលើកដំបូងរបស់សម្តេចរដ្ឋសភាធិបតី ក្នុងរដ្ឋសភានីតិកាលទី៧ ហើយដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹងនិងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ជាប្រពៃណី និងជាបងប្អូនរវាងប្រទេសកម្ពុជាជាមួយប្រទេសវៀតណាម និងរវាងប្រទេសកម្ពុជាជាមួយប្រទេសឡាវ ឱ្យកាន់តែរឹងមាំគ្រប់ ជ្រុងជ្រោយ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឱ្យដឹងថា ក្នុងក្របខ័ណ្ឌរដ្ឋសភា ដំណើរទស្សនកិច្ច នាពេលនេះ នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជានិងរដ្ឋសភានៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅនៅគ្រប់កម្រិតថែមទៀត ទាំងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាព ក្រុមសមាជិកសភាជាស្ត្រី សមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា។
ដំណើរទស្សនកិច្ចនេះក៏បង្ហាញពី ទំនាក់ទំនងដ៏ល្អរវាងស្ថាប័ននីតិប្បញ្ញត្តិ មិនត្រឹមតែលើកកម្ពស់ដល់វិស័យការទូតសភានោះទេ ប៉ុន្តែនឹងចូលរួមចំណែកលើកកម្ពស់ដល់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងជាពិសេស ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដែលនឹងនាំមកនូវផលប្រយោជន៍ជូន ប្រទេសនិងប្រជាជនទាំងសងខាង។
គួរឱ្យដឹងដែរថា ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចរដ្ឋសភាធិបតី គ្រោងនឹងអញ្ជើញជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងអញ្ជើញទៅទស្សនា ព្រះវិហារ តាម ជុក (Tam Chuc) ក្នុងខេត្តហាណាម និងទទួលជួបពិភាក្សាការងារជាមួយ លេខាបក្សខេត្តហាណាមទៀតផង។ បន្ថែមពីលើនេះ ក្នុងពេល នៃដំណើរទស្សនកិច្ចនេះ សមាជិកគណៈប្រតិភូក៏គ្រោងនឹងជួបពិភាក្សាការងារជាមួយភាគីវៀតណាមមួយចំនួនទៀតផងដែរ។
ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គ្រោងនឹងអញ្ជើញជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំ សំខាន់ៗនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគ្រោងនឹងទទួលជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែល កំពុងសិក្សានៅប្រទេសឡាវផងដែរ។ បន្ថែមពីលើនេះ ក្នុងពេលនៃដំណើរទស្សនកិច្ចនេះ សមាជិកគណៈប្រតិភូក៏គ្រោង នឹងជួបពិភាក្សាការងារជាមួយភាគីឡាវមួយចំនួនទៀតផងដែរ។
ទន្ទឹមនោះ សម្ដេចប្រធានរដ្ឋសភា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ ដែលនឹង ប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងវៀងចន្ទន៍ ដែលមានរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំកំពូលសភានៃប្រទេសទាំងបីធ្វើឡើងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានាឱ្យកាន់តែស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ ក្នុងការគាំទ្រដល់គម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលនៃប្រទេសទាំងបី ដែលបានបង្កើតឡើងនូវតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) កាលពីឆ្នាំ១៩៩៩ និងក្នុងគោលដៅប្រែក្លាយតំបន់ ត្រីកោណអភិវឌ្ឍន៍ឱ្យក្លាយទៅជាតំបន់សន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពស្របតាមទស្សនៈដើមរបស់ សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន៕