សៀមរាប៖ ភ្ញៀវទេសចរចូលមកទស្សនាកំសាន្ត នៅខេត្តសៀមរាប ក្នុងរយ:ពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ មានចំនួនជាង ៣ម៉ឺននាក់ កើនឡើង ១០ភាគរយ បើធៀបនឹងឆ្នាំ២០១៩។
យោងតាមរបាយការណ៍ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានឱ្យដឹងថា ភ្ញៀវទេសចរចូលមកទស្សនាកំសាន្ត នៅខេត្តសៀមរាប ក្នុងរយ:ពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ មានចំនួនប្រមាណ ៣០៤ ២៦១នាក់ មានការកើនឡើងប្រមាណ ១០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួន ២៧៦ ៥៩២នាក់។
លោក ង៉ូវ សេងកាក់ បានឱ្យដឹងទៀតថា ក្នុងនោះ ភ្ញៀវទេសចរបរទេសមានចំនួន ១៤ ២៦១នាក់ មានការថយចុះចំនួន ៤៦,៣៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួន ២៦ ៥៩២នាក់។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបង្ហាញឱ្យដឹងថា ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ២៩០ ០០០នាក់ មានការកើនឡើងប្រមាណ ១៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួនប្រមាណ ២៥០ ០០០នាក់ ក្នុងនោះ តំបន់រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ១៤៧ ០០០នាក់ និងរមណីយដ្ឋានភ្នំគូលែន មានចំនួនប្រមាណ ៨ ០០០នាក់។
ទន្ទឹមនោះដែរ ភ្ញៀវទេសចរជាតិកំសាន្តតាម ដងស្ទឹងសៀមរាប មានចំនួនប្រមាណ ១១០ ០០០នាក់ និងនៅតាមសហគមន៍ទេសចរណ៍មានចំនួនប្រមាណ ២៥ ០០០នាក់៕