សម្ដេចតេជោបន្តរំលឹកពីតម្លៃនៃសន្តិភាពនិងជំរុញពលរដ្ឋចូលរួមអបអរសាទរឲ្យបានកុះករនូវព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេចដោយបន្តរំលឹកនូវគុណតម្លៃនៃសន្តិភាពចំពោះជាតិមាតុភូមិក៏ដូចជាភាពសប្បាយរីករាយនៃប្រជាពលរដ្ឋ។ សម្ដេចថា «បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ»។
សម្ដេចលើកឡើងបែបនេះនៅថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំថ្ងៃទី២នៃព្រះរាជពិធីបុណ្យជាតិដ៏ធំនេះ។
សម្ដេចថា៖ «ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ»។
ជាមួយគ្នានេះសម្ដេចបានជំរុញ ប្រជាពលរដ្ឋចូលរួមទស្សនាការប្រណាំងទូកងនៅមាត់ទន្លេអោយបានច្រើនកុះករ ឬទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ៕