ភ្នំពេញ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នឹងផ្ដល់រង្វាន់លើកទឹកចិត្តម៉ូតូថ្មី ១នាក់មួយគ្រឿង ដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស A ចំនួន ១៧នាក់ ក្នុងខេត្តកំពង់ស្ពឺ។
លោក វ៉ី សំណាង បានឱ្យដឹងដូចនេះ តាមរយៈសារលើបណ្តាញសង្គមរបស់លោកផ្ទាល់ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីចូលរួមបើកកញ្ចប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិទ្យាល័យកំពង់ស្ពឺ។
លោកបានថ្លែងថា៖«សូមចូលរួមអបអរសាទរជាមួយក្មួយៗដែលទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមក។ ដើម្បីជាការលើកទឹកចិត្ត ពូ សូមផ្ដល់ម៉ូតូម្នាក់មួយគ្រឿងសម្រាប់និទ្ទេស A ទាំង ១៧នាក់ របស់ខេត្តកំពង់ស្ពឺទាំងអស់»។
គួរឱ្យដឹងដែរថា ខេត្តកំពង់ស្ពឺមានបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សរុបចំនួន ៥ ០៤៧នាក់ ក្នុងនោះមានស្រី ២ ៦៣៥នាក់។ បេក្ខជនបានប្រលងជាប់សញ្ញាបត្រមានចំនួន ៣ ៧៦១នាក់ ក្នុងនោះស្រី ២ ១៤៨៕