លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ចុះពិនិត្យមើលស្ថានភាពពលករខ្មែរនៅព្រំដែនច្រកអូរបីជាន់
បន្ទាយមានជ័យ: មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ សេង ធារិន និងជាប្រធានគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់គោលដៅធ្វើចត្តាឡីស័ក ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ យោធភូមិភាគទី៥ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យស្ថានភាពពលករនៅច្រកព្រំដែន តំបន់អូរបីជាន់ មណ្ឌលសំចតត្រួតពិនិត្យសុខភាពពលករខ្មែរមុននឹងបញ្ជូនទៅមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាលបាល ក្រោយពីរាជរដ្ឋាភិបាល សម្រេចឲ្យបើកព្រំដែនឡើងវិញបន្ទាប់ពីបិទខ្ទប់ព្រំដែនរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេសប្រភេទបំប្លែងថ្មី Delta។
ឧត្តមសេនីយ៍ទោ សេង ធារិន បានគូសបញ្ជាក់ថា បន្ទាប់ពីបើកព្រំដែនឡើងវិញពលករខ្មែរមួយចំនួន បានវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទាំង៣ក្នុងខេត្តបន្ទាយមានជ័យ ដែលបានកំណត់ និងមួយចំនួនចាញ់បោកមេខ្យល់ បន្តលួចឆ្លងចូលតាមតំបន់ដែលហាមឃាត់ ប៉ុន្តែត្រូវបានកងកម្លាំងចម្រុះចាប់ឃាត់បានជាបន្តបន្ទាប់ បញ្ជូនទៅត្រួតពិនិត្យសុខភាព និងអនុវត្តន៍តាមវិធានការសុខាភិបាល។
ក្នុងដំណើរចុះត្រួតពិនិត្យស្ថានភាពនៅច្រកអូរបីជាន់ លោកឧត្តមសេនីយ៍ សេង ធារិន ក៏បានអញ្ជើញចុះសួរសុខទុក្ខ ដល់កងកម្លាំងជួរមុខរបស់ទិសទី១បន្ទាយមានជ័យ និងដាក់បទបញ្ជាដល់កងម្លាំងទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលបំពេញប្រតិបត្តិការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងមេរោគបម្លែងថ្មីដែលតា (Delta) នៅតាមបន្ទាត់ព្រំដែនធ្វើយ៉ាងណាអនុវត្តន៍ឲ្យបានដាច់ខាត ៣កុំ ៣ការពារ ធានាបានសុខសុវត្ថិភាពផ្ទាល់ខ្លួន និងមិត្តរួមក្រុម។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងអំណរគុណដល់កងកម្លាំងទាំងដែលខិតខំ ដោយមិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃ បំពេញបេសកកម្មក្នុងប្រតិបត្តិការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងមេរោគបម្លែងថ្មីដែលតា (Delta) នៅតាមបន្ទាត់ព្រំដែនដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។
គួរកត់សំគាល់ផងដែរថាបន្ទាប់ពីបើកឡើងវិញបងប្អូពលករ បន្តត្រឡប់មកជាបន្តបន្ទាប់ ជាក់ស្តែងចាប់ពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ មកដល់ព្រឹកនេះ មានពលករខ្មែរមកពីប្រទេសថៃ តាមចក្រអូរបីជាន់សរុបជាង៩០០នាក់ ក្នុងនោះរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន១៥៩នាក់៕