ភ្នំពេញ៖ ក្រសួងសុខាភិបាល នឹងពង្រាយក្រុមគ្រូពេទ្យ និងត្រៀមរថយន្តសង្គ្រោះបន្ទាន់ចំនួន៧០គ្រឿង ដាក់នៅតាមទីតាំងប្រារព្ធពិធីបុណ្យអុំទូកនីមួយៗក្នុងរាជធានីភ្នំពេញ និងប្រចាំការនៅក្រសួងត្រៀមចាំអន្តរាគមន៍ក្នុងករណីចាំបាច់ ចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីជួយសង្គ្រោះពលរដ្ឋក្នុងករណីវិលមុខ ឬស្រវាំងភ្នែក និងបញ្ហាសុខភាពផ្សេងៗ។
ក្នុងករណីនេះដែរ ពលរដ្ឋអាចទំនាក់ទំនងទូរសព្ទ័លេខ ១១៩ សម្រាប់សេវារថយន្តសង្គ្រោះបន្ទាន់។
ក្រសួងសុខាភិបាល បានត្រៀមក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះតាមគោលដៅ ចំនួន ៧០គ្រឿង រថយន្ត គ្លីនិកចល័ត ចំនួន ៤គ្រឿង ផ្តល់សេវា២៤ម៉ោង និងបោះតង់ពិនិត្យសុខភាពសេវា ២៤ម៉ោង ចំនួន ១២ កន្លែង ផ្សេងៗគ្នានៅតាមទីតាំងកំណត់ដូចខាងក្រោម៖
នៅទីតាំងបរិវេណរង្វង់មូលនាងមច្ឆា មណ្ឌល OCIC នៅទីតាំងជ្រោយចង្វា (សួនច្បារច្រមុះជ្រូក សណ្ឋាគារសុខាភ្នំពេញ) នៅទីតាំងសួនច្បារ ជិតស្ពានបាឡេចាស់ (គីឡូម៉ែត្រលេខ៦)នៅទីតាំងវត្តភ្នំ (បរិវេណរូបសំណាកយាយពេញ)។
សម្រាប់ជម្រកតង់សុខភាពចំនួន ១២ តាមទីតាំង ត្រៀមផ្តល់សេវាពិនិត្យ ព្យាបាល និងសង្គ្រោះបឋម ២៤ម៉ោង ដូចជា នៅបរិវេណកោះពេជ្រ នៅបរិវេណស្តូបមិត្តភាពកម្ពុជា-វៀតណាម មុខវត្តបទុមវតី នៅទល់មុខនាយកដ្ឋានអង្គរក្ស នៅទល់មុខគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នៅក្បែរវេទិការកិត្តិយសខាងត្បូង នៅក្បែរវេទិកាកិត្តិយសខាងជើង នៅទល់មុខអតីតសណ្ឋាគាររណសិរ្ស មុខព្រះបរមរាជវាំង នៅមុខវត្តឧណ្ណាលោម ព្រះគម្លង់ នៅផែថ្មរាជធានីភ្នំពេញ នៅមណ្ឌល OCIC ខាងជើងគល់ស្ពានជ្រោយចង្វារ ត្រើយខាងកើត នៅកណ្តាលមណ្ឌល OCIC និង នៅរង្វង់មូលនាងមច្ឆាមណ្ឌល OCIC។
ជាមួយគ្នានេះ ក្រសួងបានត្រៀម រថយន្តសង្គ្រោះចំនួន ៥០ គ្រឿងប្រចាំការកន្លែង ក្នុងនោះ២០ គ្រឿង ប្រចាំការនៅតាមជម្រកតង់សុខភាពទាំង១២កន្លែង (២៤ម៉ោង) ១២ គ្រឿង ប្រចាំការតាមដងផ្លូវ កន្លែងសាធារណៈ តាមដងទន្លេទាំងសងខាង និងទីកន្លែងផ្សេងៗពីគ្នា និង១៨ គ្រឿង ប្រចាំការតាមកន្លែងស្នាក់នៅរបស់ក្រុមកីឡាករ ចំនួន ១០ខេត្ត។
ដោយឡែក ក្រសួងសុខាភិបាល បានត្រៀមរថយន្តគិលានសង្គ្រោះ ចំនួន២០គ្រឿង បន្ថែមទៀត ប្រចាំការត្រៀមអន្តរាគមន៍សង្គ្រោះ នៅទីស្ដីការក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់ក្នុងករណីចាំបាច់បំផុត៕