ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

អគ្គលេខាធិកាអាស៊ានប្តេជ្ញាបន្តជំរុញសុខដុមនីយកម្មវិស័យការងារ និងការបណ្តុះបណ្តាលជំនាញនៅកម្ពុជាឱ្យស្របតាមស្តង់ដារអាស៊ាន

ភ្នំពេញ៖ អគ្គលេខាធិកាអាស៊ាន លោក កៅ គីមហួន បានថ្លែងថា អាស៊ានកំពុងបន្តជំរុញគាំទ្រលើសុខដុមនីយកម្ម វិស័យការងារ ការកសាងសមត្ថភាពធនធានមនុស្ស និងការបណ្តុះបណ្តាលជំនាញសម្រាប់ប្រទេសជាសមាជិកអាស៊ាន។

លោក កៅ គីមហួន ថ្លែងដូចនេះក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

អគ្គលេខាធិកាអាស៊ាន បានសម្តែងការគាំទ្រចំពោះការអនុវត្តកម្មវិធីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន១,៥លាននាក់ ដែលជាផ្នែកមួយដ៏សំខាន់ស្របតាមគោលនយោបាយរបស់អាស៊ានក្នុងការកសាងកម្លាំងពលកម្មជំនាញ នៅក្នុងសេដ្ឋកិច្ចឌីជីថល។

ជាមួយគ្នានេះ រដ្ឋមន្រ្តីការងារ លោក ហេង សួរ បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិកាអាស៊ាន ក្នុងការជំរុញ និងសម្របសម្រួលកិច្ចការជាច្រើនក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន ជាពិសេសវិស័យការងារ ពលករទេសន្តរប្រវេសន៍ និងការបណ្តុះបណ្តាលជំនាញជាដើម។

លោក ហេង សួរ បានលើកឡើងថា ការបណ្តុះបណ្តាលជំនាញឱ្យស្របតាមស្តង់ដារទទួលស្គាល់ជារួមមួយ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាសមាជិកអាស៊ាន ដោយសារប្រទេសនីមួយៗមានវប្បធម៌ ប្រពៃណី សាសនា និងស្ថានភាពសង្គម នយោបាយខុសៗគ្នា។

ជាមួយគ្នា លោក ហេង សួរ សង្ឈឹមថា អគ្គលេខាធិការអាស៊ាននឹងជួយសម្របសម្រួលធ្វើយ៉ាងណាឱ្យមានតុល្យភាពរវាងប្រទេសដែលត្រូវការកម្លាំងពលកម្មពីក្រៅប្រទេស និងប្រទេសដែលបញ្ជូនកម្លាំងពលកម្មចេញទៅក្រៅប្រទេស ដើម្បីកំណើនសេដ្ឋកិច្ចក្នុងប្រទេសជាសមាជិកអាស៊ាន។

នៅក្នុងកិច្ចពិភាក្សាការងារនេះដែរ រដ្ឋមន្ត្រីក្រសួងការងារ និងអគ្គលេខាធិកាអាស៊ាន ក៏បានបញ្ជាក់រួមគ្នាថា អាស៊ាន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តកិច្ចសហការជាមួយគ្នាក្នុងការអនុវត្តយន្តការនានា ស្របតាមចក្ខុវិស័យនៃឧស្សាហកម្ម ៤.០ និង គោលនយោបាយអាស៊ានក្នុងការផ្លាស់ប្តូរពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មផ្អែកលើពលកម្មជំនាញ ត្រឹមឆ្នាំ២០២៥។

គួរឱ្យដឹងដែរថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងមក បានចេញសេចក្តីថ្លែងការណ៍ ស្តីពី “ចល័តភាពរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងអាស៊ាន” “ASEAN Declaration on Portability of Social Security for Migrant Workers in ASEAN” ដែលត្រូវបានអនុម័ត ដោយមេដឹកនាំអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងភ្នំពេញ។

ទន្ទឹមនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាអ្នកផ្តួចផ្តើមនៃសេចក្តីថ្លែងការណ៍នេះ នឹងរៀបចំកម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលាចំនួនបីក្នុងអំឡុងពេលចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ ដើម្បីឈានទៅសម្រេចបាននូវការដាក់ចេញជាគោលការណ៍ណែនាំរបស់អាស៊ាន ស្តីពី “ចល័តភាពរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងអាស៊ាន”៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក