ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ស្វែងយល់ពីព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប

ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប គេតែងរៀបចំជារៀងរាល់ឆ្នាំនៅ ព្រះរាជាណាចក្រកម្ពុជា ដោយមានរយៈពេល ៣ថ្ងៃ គឺចាប់ពី ថ្ងៃទី១៤កើត ១៥កើត ដល់ថ្ងៃ១រោច ខែកក្តិក ដោយឡែកពិធីបុណ្យអកអំបុក សំពះព្រះខែវិញ គេប្រារព្ធធ្វើនៅពាក់កណ្តាលរាត្រី ១៥កើត ខែកក្តិក តែប៉ុណ្ណោះ។

ពិធីនេះបានទទួលការនិយមគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយនាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយមានការប្រណាំងទូកអុំ និងទូកចែវបុរស-នារី បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំ។ ក្នុងឱកាសនោះ គេសង្កេតឃើញប្រជាពលរដ្ឋមកពីបណ្ដាខេត្ត ក្រុងមួយចំនួនយកទូកមកប្រណាំងដណ្ដើមយកជ័យជម្នះ ឱ្យខេត្តរបស់ខ្លួនទៀតផង។

យោងតាមគេហទំព័រ ទ្រឹស្តីពុទ្ធចក្រ ពិធីបុណ្យអុំទូក ត្រូវបានគេប្រារព្ធធ្វើតាំងពីសម័យបុរាណ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹក ខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់ របស់ពួកខ្មាំងសត្រូវ (ពួកចាម)។

ប្រភពដដែលបានឱ្យដឹងទៀតថា នៅតាមជញ្ជាំងនៃប្រាសាទ មានចម្លាក់ទាក់ទងទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទំនៀមទម្លាប់ប្រពៃណី សាសនា សិល្បៈ កីឡា ជាពិសេសការធ្វើសឹកសង្គ្រាមជាមួយពួកចាម ដែលដឹកនាំដោយព្រះបាទជ័យវរ្ម័នទី៧ ទទួលបានជ័យជម្នះយ៉ាងធំធេងតាមរយៈចម្បាំងកងទ័ពជើងទឹក។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺចម្បាំងកងទ័ពជើងទឹក ដែលត្រូវបានគេឆ្លាក់ជាប់នឹងជញ្ជាំងយ៉ាងល្អប្រណីតគួរឲ្យគយគន់ ខ្លាំងណាស់។ ចម្លាក់នៃកងទ័ពជើងទឹកនេះត្រូវបានគេកុលបុត្រខ្មែរជំនាន់ក្រោយ ចងចាំពីគុណបំណាច់របស់បុព្វបុរសខ្លួន ដែលបានរំដោះទឹកដីឲ្យរួចពីការត្រួតត្រារបស់ខ្មាំងសត្រូវ ហើយនាំគ្នាប្រារព្ធធ្វើពិធីអុំទូករម្លឹកគុណបំណាច់ដ៏ថ្លៃថ្លា នេះជារៀងរាល់ឆ្នាំ។ ទើបពិធីនេះ មានតាំងពីសម័យមហាអង្គរ រហូតមក ហើយប្រជាពលរដ្ឋខ្មែរតែងប្រារព្ធធ្វើពិធីបុណ្យអុំទូក ដើម្បីធ្វើការប្រលងប្រណាំងទូកគ្រប់ប្រភេទ ទាំងបុរស និងស្ត្រី ដែលមកពីគ្រប់ខេត្តក្រុង។

ក្នុងពិធីនេះ ក៏មមានការលយប្រទីប ដើម្បីឧទ្ទិសកុសលដល់ព្រះគង្គា និងព្រះធរណីដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផលក្នុងការងារកសិកម្ម របរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ប្រជាពលរដ្ឋអាចសង្កេតឃើញ នៅពេលយប់ តាមក្រសួងនីមួយៗ មានបណ្ដែតប្រទីបលម្អទៅដោយភ្លើងចម្រុះពណ៌គួរជាទីគយគន់ និងបាញ់កាំជ្រួចព្រោងព្រាត ដែលមានមនុស្សម្នាចូលរួមទស្សនាយ៉ាងច្រើនកុះករ បញ្ចេញនូវស្នាមញញឹមគ្រប់គ្នា។

ចំពោះពិធីអកអំបុក និងសំពះព្រះខែ ត្រូវបានប្រជាពលរដ្ឋខ្មែរធ្វើឡើង ដើម្បីរម្លឹកដល់ព្រះពោធិសត្វ ដែលយកកំណើតជាទន្សាយបានលះបង់អាយុសង្ខារក្នុងការបំពេញបារមីទាន ដល់ឥន្ទ្រព្រាហ្មណ៍។ ទ្រឹស្តីពុទ្ធចក្រ បានឱ្យដឹងថា ការគិតរបស់ព្រះពោធិសត្វនេះ បានក្ដៅដល់ឥន្ទ្រព្រាហ្មណ៍ ហើយព្រះអង្គបាននិយាយថា «ជីវិតខ្ញុំនឹងក្ស័យជាមិនខានធ្វើម្ដេចនឹងបានអាហារបរិភោគ»។ ពេលនោះទន្សាយពោធិសត្វបានពោលថា «ខ្ញុំមានតែសាច់ និងឈាមត្រូវការឲ្យជាទាន បើអ្នកចង់បានចូររកអុសមកបង្កាត់ភ្លើងទៅចុះ ខ្ញុំនឹងលោតចូលក្នុងភ្លើងឲ្យបានជាអាហារបរិភោគ»។ ឥន្ទ្រព្រាហ្មណ៍គ្រាន់តែឮដូច្នេះ ក៏ទៅបង្កាត់ភ្លើងចំណែកឯទន្សាយ ក៏លោតចូលភ្លើងភ្លាមប៉ុន្តែ ដោយអំណាចនៃសេចក្ដីជ្រះថ្លា ព្រះឥន្ទ្រក៏ហោះទៅទ្រមិនឲ្យភ្លើងឆេះរោមមួយសរសៃឡើយ ។ ឃើញដូច្នេះ ព្រះឥន្ទ្រក៏ហោះទៅឋានលើ យកថ្មកែវមនោសិលាគូសរូបទន្សាយនៅក្នុងរង្វង់ព្រះចន្ទ ជាប់តាំងពីនោះរហូតមក ហើយមនុស្សគ្រប់រូបឃើញរូបទន្សាយច្បាស់នៅថ្ងៃ១៥កើត។

គួរឱ្យដឹងដែរថា រណ្តាប់សែន ក្នុងពិធីបុណ្យអកអំបុក និងសំពះព្រះខែ រួមមាន អំបុក ចេក ដូង ដំឡូង ត្រាវ អំពៅ និងផ្លែឈើផ្សេងៗ និងទៀន ធូប ភ្ញីផ្កាជាដើម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក