ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

តុលាការខ្មែរក្រហមសហការជាមួយកម្មវិធីសេវាសន្តិភាពស៊ីវិលគាំទ្រការអនុវត្តសកម្មភាពផ្តោតលើការបង្កើនការយល់ដឹងដល់ជនរងគ្រោះ

ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នៅថ្ងៃនេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយកម្មវិធីសេវាសន្តិភាពស៊ីវិល (GIZ-CPS) សម្រាប់ការបញ្ជូនទីប្រឹក្សាផ្នែកកសាងសន្តិភាពដើម្បី គាំទ្រដល់ អ.វ.ត.ក. ក្នុងការអនុវត្តសកម្មភាព ដែលផ្តោតលើការបង្កើនការយល់ដឹងដល់ជនរងគ្រោះ។

ពិធីចុះអនុស្សរណៈយោគយល់នេះបានប្រព្រឹត្តិទៅនាថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. លោក ក្រាញ់ តូនី បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ការបញ្ជូនទីប្រឹក្សាផ្នែកកសាងសន្តិភាពនេះ នឹងគាំទ្រដល់ អ.វ.ត.ក. និងអង្គភាពផ្នែកគាំទ្រជនរងគ្រោះ ដើម្បីបង្កើតក្របខ័ណ្ឌទូលំទូលាយ និងផែនការការងារលម្អិត ដែលសម្របសម្រួលដល់ការបង្កើនការយល់ដឹងដល់ជនរងគ្រោះ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្នុងអំឡុងដំណាក់កាលសេសសល់របស់ អ.វ.ត.ក.។

លោកថា៖ «វាជាកិត្តិយសដ៏ឧត្តុងឧត្តមក្នុងការចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយកម្មវិធីសេវាសន្តិភាពស៊ីវិល។ អង្គភាពផ្នែកគាំទ្រជនរងគ្រោះ (VSS) គឺជាចំណុចទំនាក់ទំនងកណ្តាលរវាង អ.វ.ត.ក. ជនរងគ្រោះ និងតំណាងរបស់ពួកគេ»

អ្នកសម្របសម្រួលកម្មវិធីនៃសេវាសន្តិភាពស៊ីវិល (GIZ-CPS) ប្រចាំប្រទេសកម្ពុជា លោក Martin Hennings លើកឡើងថាការចុះអនុស្សរណៈយោគយល់រួមគ្នានេះ នឹងអាចពង្រឹងកេរដំណែលរបស់សាលាក្តី និងធានាថា ការសិក្សានិងឥទ្ធិពលនេះ នឹងត្រូវបានបញ្ចូលនៅក្នុងសង្គមកម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយ និង ការផ្តោតលើអ្នករស់រានមានជីវិត និងក្មេងជំនាន់ក្រោយ បង្កើតជាមូលដ្ឋាន ដែលបទពិសោធន៍ពីអតីតកាលត្រូវបានដោះស្រាយ ក្នុងលក្ខណៈបរិយាបន្ននិងរួមបញ្ចូលគ្នា»។ លោកថ្លែងថា៖ «យើងរំភើបនិងមោទនភាពក្នុងការបន្តទំនាក់ទំនងយូរអង្វែងនិងមិត្តភាពប្រកបដោយផ្លែផ្កាជាមួយអ.វ.ត.ក.»។

គួរឱ្យដឹងដែរថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) គឺជាស្ថាប័នតុលាការក្នុងស្រុកមួយ ដែលត្រូវបានបង្កើតឡើងស្របតាមច្បាប់ប្រទេសកម្ពុជា និងមានយុត្តាធិការក្នុងការជំនុំជម្រះក្តីមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ និងអ្នកដែលទទួលខុសត្រូវខ្ពស់បំផុតលើឧក្រិដ្ឋកម្ម និងការរំលោភធ្ងន់ធ្ងរ នៃក្រមព្រហ្មទណ្ឌកម្ពុជា ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់ទំនៀមទម្លាប់អន្តរជាតិ ដែលបានប្រព្រឹត្តក្នុងអំឡុងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

បន្ទាប់ពីបញ្ចប់ដំណើរការកាត់ក្តីរបស់ខ្លួន អ.វ.ត.ក. បានចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៣ ដើម្បីអនុវត្តលើមុខងារដែលនៅសេសសល់សម្រាប់រយៈពេលបីឆ្នាំដំបូង ស្របតាមកិច្ចព្រមព្រៀងបន្ថែមរវាងរាជរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិ។

ដោយឡែក កម្មវិធីនៃសេវាសន្តិភាពស៊ីវិល (GIZ-CPS) គឺជាកម្មវិធី ដែលធ្វើការងារដើម្បីទប់ស្កាត់អំពើហិង្សានៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះនិងវិបត្តិ និងដើម្បីលើកកម្ពស់សន្តិភាព។ កម្មវិធីនេះ តស៊ូមតិសម្រាប់ពិភពលោក ដែលមនុស្សដោះស្រាយជម្លោះ ដោយគ្មានអំពើហិង្សា។ ប្រធានបទរបស់ សេវាសន្តិភាពស៊ីវិល រួមមានការសម្រុះសម្រួល និងការសន្ទនា ការដោះស្រាយអតីតកាល ជំនួយផ្លូវចិត្ត និងការងារប្រព័ន្ធផ្សព្វផ្សាយ ដែលងាយនឹងប៉ះទង្គិច៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក