
រដ្ឋមន្ត្រីព័ត៌មាន៖ រាជរដ្ឋាភិបាលយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្រា្ត បានឱ្យដឹងថា រាជរដ្ឋាភិបាលយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០%។
លោក នេត្រ ភក្ត្រា បានឱ្យដឹងដូចនេះ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយភ្ជាប់ជាមួយសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលស្តីពីការលើកលែងពន្ធប៉ាតង់សារព័ត៌មានអនឡាញប្រភេទធុនតូចជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០%។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ចាក់ថា៖«លិខិតរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ និងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣, រាជរដ្ឋាភិបាលយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០%»។
លោក នេត្រ ភក្រ្តា បានបញ្ជាក់ថា បច្ចុប្បន្ននេះសារព័ត៌មានអនឡាញដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានបានកើនឡើងដល់ចំនួន ៩១៧ អង្គភាព ហើយអំពាវនាវដល់ស្ថាប័នដែលកំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ ឱ្យបំពេញបែបបទនិងចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងឡាយដែលមាន៕