ភ្នំពេញ៖ ធនាគារពិភពលោកបានបង្ហាញឱ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជាប្រឹងឈានទៅមុខ ខណៈដែលនៅមានបញ្ហាប្រឈមក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកចេញផ្សាយកាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
ធនាគារពិភពលោកបានឱ្យថាក្នុងឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចកម្ពុជាអាចមានកំណើន ៥,៤% និងឡើងដល់ ៥,៨% ក្នុងឆ្នាំ២០២៤ និង ៦,១% ក្នុងឆ្នាំ២០២៥ ជាមួយនឹងការរំពឹងទុកអំពីការកើនឡើងនូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងអំពីអត្ថប្រយោជន៍ដែលនឹងកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ចកម្មនានាដែលកម្ពុជាមានជាមួយបណ្តាប្រទេសនៅក្នុងតំបន់។
ក្នុងសេចក្ដីប្រកាសនោះ ធនាគារបានលើកឡើងពីកត្តារួមផ្សំមួយចំនួនដែលជាបញ្ហាប្រឈមនៃការងើបឡើងវិញគឺទាក់ទងនឹងសម្ពាធពីខាងក្រៅ និងផ្នែករចនាសម្ព័ន្ធ។
ក្នុងសេចក្ដីប្រកាសនោះបានលើកឡើងថា៖ «របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចុងក្រោយធនាគារពិភពលោកនិយាយថា ប្រសិនបើការកែទម្រង់រចនាសម្ព័ន្ធដើរអមគ្នាជាមួយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកាលានុវត្តភាពពាណិជ្ជកម្ម នោះវានឹងនាំឱ្យកំណើនបន្តបង្កើនល្បឿននៅក្នុងរយៈពេលមធ្យម និងវែង។ នៅក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចរបស់កម្ពុជាទទួលបានកំណើន ៥,២%»។
នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីម បានឱ្យដឹងថា ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវជួយដល់វិស័យឯកជនឱ្យបំពេញមុខងារជាក្បាលម៉ាស៊ីនកំណើនមួយ ហើយកិច្ចការនេះអាចសម្រេចបាន ដោយធ្វើសកម្មភាពភ្លាមៗក្នុងការកែលម្អការបំពេញកិច្ចរបស់វិស័យសាធារណៈ។
លោកស្រីបានបញ្ជាក់បន្ថែមថា ការរក្សាស្ថេរភាពហិរញ្ញវត្ថុក៏ជាអាទិភាពមួយដែរ ហើយ ចាំបាច់ត្រូវតែខិតខំថែមទៀតក្នុងស្តារលំហសារពើពន្ធឡើងវិញ។
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកបានឱ្យដឹងទៀតថា វិស័យទេសចរណ៍មានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយទោះបីជាមានភ្ញៀវទេសចរអន្តរជាតិចូលប្រទេសវិញជាហូរហែក៏ដោយ ប្រាក់ចំណូល នៅតាមគោលដៅទេសចរណ៍សំខាន់ៗមួយចំនួន នៅតែមានចំនួនទាបជាងកម្រិតមុនការផ្ទុះជំងឺរាតត្បាតនៅឡើយ។ ការវិនិយោគលើការផលិតទំនិញ រួមទាំងសម្លៀកបំពាក់ និងការនាំចេញទំនិញសម្រេច បានធ្លាក់ចុះ ដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីតម្រូវការទាបនៅលើទីផ្សារពិភពលោក។ ជាលទ្ធផល ការងារនៅផ្នែកឧស្សាហកម្មផលិតកម្មបានធ្លាក់ចុះ ៥% ដែលញ៉ាំងឱ្យអាជ្ញាធរធ្វើអន្តរាគមន៍ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់កម្មករដែលត្រូវបានបញ្ឈប់ពីការងារ។
គួរឱ្យដឹងដែរថា របាយការណ៍តាម របាយការណ៍ចុងក្រោយ ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់កម្ពុជានោះ មានផ្នែកផ្តោតពិសេសមួយ ដែលគូសរំលេចអំពីកំណែទម្រង់រចនាសម្ព័ន្ធដែលអាចជួយកម្ពុជាជំរុញឱ្យមានកំណើនប្រកបដោយចីរភាព និងតាមលំនាំដែលមានផលិតភាពនាំមុខ។ កំណែទម្រង់នោះរួមមាន ការកែលម្អបរិយាកាសធុរកិច្ចដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង, ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញតភ្ជាប់ផ្លូវ និងការធ្វើឱ្យប្រសើរឡើងនូវជំនាញរបស់កម្លាំងពលកម្ម៕