កម្លាំងជំនាញចាប់បានសាច់ និងគ្រឿងក្នុងជ្រូកជាង១តោនគ្មានលិខិតអនុញ្ញាតិពីក្រសួងកសិកម្ម គ្រោងនឹងដុតកម្ទេចចោល
បន្ទាយមានជ័យ: សមត្ថកិច្ចចំរុះឃាត់រថយន្តមួយគ្រឿងដឹកសាច់ និងគ្រឿងក្នុងជ្រូកចំនួន១,៥០០ គីឡូក្រាមទំនងលួចដឹកចេញតាមច្រករបៀង។ ប្រតិបត្តិការឃាត់រថយន្តខាងលើធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ លើដងផ្លូវលំជិតបន្ទាត់ព្រំដែនក្នុងភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដឹកនាំដោយមន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបានសហការណ៍ជាមួយកម្លាំងយោធាសឹករងស្រុកម៉ាឡៃ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបានឲ្យដឹងថារថយន្តដែលលួចដឹសាច់ និងគ្រឿងក្នុងជ្រូកតាមរថយន្តម៉ាកកូរ៉េ១គ្រឿងពាក់ស្លាកលេខបាត់ដំបង ៣A.២៥៦១ ក្នុងនោះមាន៣០កេះស្នោដែលក្នុង១កេះមានទម្ងន់៥០គីឡូក្រាម សរុប១៥០០គីឡូក្រាម។ ក្នុងនោះឃាត់ខ្លួនបាន២នាក់ ម្នាក់ជាអ្នកបើករថយន្ត និងម្នាក់ជាអ្នករួមដំណើរគ្រោងដឹកសាច់ និងគ្រឿងក្នុងជ្រូកទាំងនោះទៅកាន់ខេត្តបាត់ដំបងដើម្បីចែកចាយបន្ត។
លោកបញ្ជាក់ថាសាច់ទាំងនេះគ្មានលិខិតអនុញ្ញាតិពីក្រសួងឡើយ ហើយការវេចខ្ចប់នេះទៀតសោត ក៏ មិនត្រឹមត្រូវតាមស្តង់ដាឬបទដ្ឋានបច្ចេកទេស។ ជាមួយគ្នានោះលោកក៏បានរាយការណ៍ជូន លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តដើម្បីសុំគោលការណ៍ដុតកម្ទេចចោលដែលគ្រោងនិងដុតកម្ទេចចោល៕