
ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា បន្តគាំទ្រកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា លោក Martin Vávra បានបង្ហាញការគាំទ្រចំពោះកម្មវិធីថ្នាក់ជាតិចំនួន២ គឺកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥លាននាក់ និងកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស.។
ការគាំទ្រនេះធ្វើឡើងក្នុងឱកាសលោក Martin Vávra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
ឯកអគ្គរដ្ឋទូត បានថ្លែងបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនឹងបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់កម្ពុជាបន្ថែមទៀត ជាពិសេសសម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។
លោករដ្ឋមន្ត្រី ហេង សួរ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណៈរដ្ឋឆែក ដែលបានជួយគាំទ្រដល់កម្ពុជាទាំងវិស័យការងារ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនាពេលកន្លងមក។
លោករដ្ឋមន្ត្រី លើកឡើងថា តាមរយៈអង្គការ People In Need (PIN) នៃសាធារណរដ្ឋឆែក បានសហការគាំទ្រយ៉ាងខ្លាំង ជាមួយទីភ្នាក់ងារជាតិ និងមុខរបរ (NEA) រួមនិងការជួយទាំងផ្នែកឧបករណ៍សម្ភារៈបច្ចេកទេស គ្រូបង្គោល ជំនាញបច្ចេកទេសជាដើម ដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មទៀតផង។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សាធារណរដ្ឋឆែកជាដៃគូដ៏សំខាន់ក្នុងការផ្តល់ការអប់រំដល់ប្រជាជនកម្ពុជា ជាក់ស្តែងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប បានបញ្ចប់ការសិក្សាអប់រំពីសាធារណរដ្ឋឆែកនាពេលកន្លងមក។
លោកបានលើកឡើងទៀតថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងកម្មវិធីថែទាំសុខភាព គឺជាចំនុចអាទិភាពនៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ដើម្បីធានាបាននូវមូលធនមនុស្សប្រកបដោយគុណភាព និងសុខភាពល្អ។
លោក ហេង សួរ បានស្នើដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ពិនិត្យលើការជួយគាំទ្រក្នុងការបង្កើតទារកដ្ឋាន និងមត្តេយ្យសិក្សាសហគមន៍ នៅក្នុងតំបន់រោងចក្រ ដើម្បីអាចធានាបាននូវការបង្កើតមូលធនមនុស្សជំនាន់ក្រោយប្រកបដោយគុណភាព និងសុខមាលភាពផងដែរ។
សូមបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក កំពុងរៀបចំកម្មវិធីកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ២០២៤-២០៣០ ដែលក្នុងនោះវិស័យអប់រំ និងវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺវិស័យអាទិភាពសំខាន់នៅក្នុងរបៀបវារៈជាអាទិភាពសម្រាប់ការអភិវឌ្ឍនៃប្រទេសឆែក៕