ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

USAID ប្រកាសគម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពក្នុងរយៈពេល ៥ឆ្នាំក្នុងទំហំទឹកប្រាក់ ៣៥លានដុល្លារ

ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រកាសបន្ត «គម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព ជំហានទី២ (EQHA II)» ដែលមានរយៈពេល ៥ឆ្នាំ ក្នុងទឹកប្រាក់ ៣៥លានដុល្លារ ដើម្បីបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់គុណភាពសេវាសុខាភិបាលសាធារណៈ និងឯកជនសម្រាប់ប្រជាជនកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ USAID បានប្រាប់ឱ្យដឹងថា គម្រោងជំហានទី២នេះ អាចបន្តអនុវត្តក្រោយពីគម្រោងជំហានទី១ សម្រេចបានដោយជោគជ័យដែលបានអនុវត្តន៍រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលជាតិ ដើម្បីលើកកម្ពស់ការទទួល បានអាជ្ញាប័ណ្ណ និងការទទួលស្គាល់គុណភាពដែលនាំឱ្យមានការកែលម្អ នូវគណនេយ្យភាពរបស់ អ្នកផ្តល់សេវាសុខាភិបាលនៅទូទាំងប្រទេសកម្ពុជា។

គម្រោង EQHA II ដែលមានតម្លៃ ៣៥លានដុល្លារសហរដ្ឋអាមេរិករបស់ USAID នឹងត្រូវអនុវត្តន៍ដោយ អង្គការ FHI 360 ជាអង្គការអន្តរជាតិដែលបានសហការជាមួយប្រទេសកម្ពុជា និងជាដៃគូធ្វើការជាមួយ USAID នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ២៥ឆ្នាំ។

ជំនួយរបស់ USAID តាមរយៈគម្រោងជំហានទី២នេះ នឹងជួយគាំទ្រកម្ពុជាក្នុងការជំរុញ និងពន្លឿនប្រព័ន្ធសម្រាប់ធានា ត្រួតពិនិត្យ និងបង្កើនស្តង់ដារគុណភាពតាមរយៈប្រព័ន្ធសុខាភិបាលជាតិ។ ជាមួយគ្នានេះនឹងជួយកម្ពុជាក្នុងការពន្លឿនវឌ្ឍនភាព និងនិរន្តរភាពដោយដោះស្រាយបញ្ហាប្រឈម សុខភាពសាធារណៈអាទិភាព រួមមាន ការកាត់បន្ថយករណីឆ្លងថ្មីជំងឺអេដស៍ និងរបេង កាត់បន្ថយមរណៈភាពមាតា និងទារក លើកកម្ពស់សុខភាពបន្តពូជ និងពង្រឹងការត្រៀមខ្លួន និងឆ្លើយតបទៅនឹងការរគំរាមកំហែងនៃជំងឺឆ្លងថ្មី។

នាយិកាបេសកកម្មរបស់ USAID ប្រចាំប្រទេសកម្ពុជា លោកស្រី Kerry Pelzman បានលើកឡើងថា USAID កំពុងបន្តផ្តល់ការប្តេជ្ញាចិត្តដ៏យូរអង្វែងចំពោះប្រជាជនកម្ពុជា តាមរយៈការគាំទ្រ ដល់ប្រព័ន្ធសុខាភិបាលនៅប្រទេសកម្ពុជា រួមទាំងអ្នកផ្តល់សេវាសុខាភិបាល ទាំងផ្នែកសាធារណៈ និងឯកជន ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល។

លោកស្រីបានគូសបញ្ជាក់បន្ថែមថា ការងារនេះមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ក្នុងការបន្តឱ្យមានភាពរីកចម្រើននៃវិស័យសុខភាពសាធារណៈដែលសម្រេចបានរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។

សូមបញ្ជាក់ថា វិស័យសំខាន់ៗដែលត្រូវផ្តោតរួមមាន ការធ្វើឱ្យប្រសើរឡើងនូវសមាហរណកម្មសេវាសុខភាពសាធារណៈ ដើម្បីបង្កើននូវប្រសិទ្ធភាព និងប្រសិទ្ធផល លើកកម្ពស់ប្រព័ន្ធនិយ័តកម្ម និងការទទួលស្គាល់គុណភាព និងការពង្រឹងសមត្ថភាពស្ថាប័នរបស់ប្រព័ន្ធសុខាភិបាល ដើម្បីដោះស្រាយអាទិភាពសុខភាពជាតិនានា។ វិធីសាស្ត្រគ្រប់ជ្រុងជ្រោយនេះធានាបាននូវការឆ្លើយតបដ៏រឹងមាំ ចំពោះតម្រូវការសុខភាពដែលកំពុងវិវត្តរបស់ប្រទេសកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក