ភ្នំពេញ៖ USAID មរតកបៃតង បានឱ្យដឹងថា ចំនួនសត្វស្លាបប្រភេទកម្រនៅដែនជម្រកសត្វព្រៃកែវសីមា មានឡើងមានចុះក្នុងឆ្នាំ២០២៣។
ដែនជម្រកសត្វព្រៃកែវសីមា ជាជម្រកនៃប្រភេទសត្វស្លាបទឹក និងប្រភេទសត្វស្លាបហើរដ៏កម្រជាច្រើន។ ព្រៃស្រោងស្ងួតនៅភាគខាងលិចនៃតំបន់ការពារធម្មជាតិ ក៏ផ្តល់នូវជម្រកដ៏ល្អឥតខ្ចោះសម្រាប់ប្រភេទសត្វជិតផុតពូជដូចជា សត្វត្រយងយក្ស សត្វក្រៀល និងសត្វត្រដក់តូចក្នុងការស្វែងរកចំណី បង្កាត់ពូជ និងធ្វើសំបុកនៅក្នុងដែនជម្រកសត្វព្រៃដែលអាចផ្ដល់សុវត្ថិភាពឱ្យពួកវាបាន។
USAID មរតកបៃតងសហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ដើម្បីអភិរក្សសត្វស្លាបដ៏កម្រទាំងនេះ ដោយបានបង្កើតកម្មវិធីការពារសំបុកសត្វស្លាបជិតផុតពូជនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងអំឡុងរដូវធ្វើសំបុកឆ្នាំ ២០២៣ សំបុកសត្វត្រដក់តូចចំនួន ៤០ ត្រូវបានរកឃើញ និងត្រូវបានការពារ ដែលបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់ពីសំបុកចំនួន ២៧ ដែលបានកត់ត្រាទុកក្នុងឆ្នាំ ២០២២។
ដោយឡែក សត្វត្រយងយក្សដែលជិតផុតពូជត្រូវបានគេរកឃើញការថយចុះនៃចំនួនសំបុកដែលត្រូវបានត្រួតពិនិត្យ និងការពារនៅឆ្នាំ ២០២៣ ដោយមានតែសំបុកមួយប៉ុណ្ណោះត្រូវបានរកឃើញ ហើយកូនសត្វត្រយងយក្សពីរក្បាលបានហើរចេញពីសំបុកដោយជោគជ័យ បើធៀបកាលពីឆ្នាំ ២០២២ ដែលឆ្នាំនោះសំបុកពីរត្រូវបានការពារ ហើយកូនសត្វត្រយងយក្សបីក្បាលបានហើរចេញពីសំបុកដោយជោគជ័យ។
USAID មរតកបៃតង គូសបញ្ជាក់ថា ការធ្លាក់ចុះនេះឆ្លុះបញ្ចាំងពីបញ្ហាប្រឈមក្នុងការស្រាវជ្រាវតាមដាននៃប្រភេទសត្វជិតផុតពូជដែលនៅសេសសល់ក្នុងចំនួនដ៍តិចតួចនេះ ហើយក៍បង្ហាញពីសារៈសំខាន់នៃការការពារសត្វស្លាបកម្រដែលនៅសេសសល់ទាំងនេះផងដែរ៕