ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២៣ នាព្រឹកថ្ងៃនេះ ដោយមានសិស្សប្រឡងជាប់សរុបចំនួន ៩៨ ៤៦០នាក់ ស្មើនឹង៧២,៨៩ភាគរយ។ ក្នុងនោះមានសិស្សបាននិទ្ទេសA ចំនួន១ ៦៧៣នាក់ និទ្ទេសB ៦ ៩៦៤នាក់ និទ្ទេសC ១៨ ៣០៨នាក់ និទ្ទេសD ៣៤ ២៤៦នាក់ និងនិទ្ទេសE ៣៧ ២៦៩នាក់។
នាព្រឹកនេះ ក្រសួងអប់រំ ប្រកាសពីនិទ្ទេសដែលសិស្សទទួលបានសរុប។ ដោយឡែកលទ្ធផល នឹងប្រកាសនៅវេលាម៉ោង៣រសៀលនេះសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល។ សម្រាប់នៅតាមបណ្តាខេត្តនឹងប្រកាសចាប់ពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
លទ្ធផលប្រឡងនឹងមានបិទផ្សាយទៅតាមមណ្ឌលប្រឡង និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ការប្រឡងបាក់ឌុប បានបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី៦ និងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានបេក្ខជនប្រឡងចុះឈ្មោះចំនួនជាង១៣ម៉ឺននាក់។
គូសរំលឹកថា លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២២ មានសិស្សចំនួន៩០៩៥០នាក់ប្រឡងជាប់ ស្មើនឹង ៧២.៣៣ ភាគរយ ក្នុងនោះមានសិស្សជាប់និទ្ទេសA ចំនួន១០៤៩ នាក់, និទ្ទេស B ចំនួន ៧២៣២នាក់, និទ្ទេស C ចំនួន ១៩០៥៣ នាក់, និទ្ទេស D ចំនួន ៣១១៦៦នាក់, និងនិទ្ទេស E ចំនួន ៣២៤៥០ នាក់៕